ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីម៉ោង ៧ព្រឹក ការិយាល័យបោះឆ្នោតទាំង ២០៩ការិយាល័យ ចាប់ផ្តើមដំណើរការ។ ហើយមានការិយាល័យមួយចំនួននៅតាមរាជធានី ខេត្ត បានបោះរួចរាល់ហើយ។

ការបញ្ជាក់នេះ នៅពេលអញ្ជើញចុះពិនិត្យមើលដំណើរការបោះឆ្នោតនៅសាលាបឋមសិក្សាទួលគោកនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ទៀតថា ដំណើរបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គឺមានភាពល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់។ ការរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរបានជួយរៀបចំសណ្តាប់ធ្នាប់បានល្អប្រសើរ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយនៅវេលាម៉ោង ៧:០០ព្រឹក ការិយាល័យបោះឆ្នោតទាំងអស់ ត្រូវបើកដំណើរការព្រមៗគ្នាដើម្បីទទួលឱ្យអ្នកបោះឆ្នោតចូលមកបោះឆ្នោតតាមនីតិវិធី។

អ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងទាំងអស់ ហើយឯកសារដែលត្រូវប្រើសម្រាប់ការបោះឆ្នោត គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬបណ្ណសម្គាល់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ អ្នកបោះឆ្នោតដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតណា ត្រូវទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតនោះ។
