លទ្ធផល នៃការផ្សងរបស់គោឧសភរាជបានក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ស្រូវ ពោត សណ្ដែត នៅក្នុងឆ្នាំនេះទទួលបានទិន្នផលខ្ពស់។

ក្រោយពេលការភ្ជួរ និងព្រោះគ្រាប់ស្រូវអស់រយៈពេល៣ ជុំរួចហើយ ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិត បានធ្វើពិធីសូត្រមន្តប្រោះព្រំទឹកលើ«គោឧសភរាជ» និងយកគោឧសភរាជឱ្យទៅបរិភោគគ្រាប់ធញ្ញជាតិ ទឹក និងស្រា ដែលមានទាំងអស់ ៧មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក ដែលបានរៀបចំទុករួចជាស្រេច។ បន្ទាប់ពីគោឧសភរាជបានបរិភោគរួច ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិត បាននាំយកលទ្ធផលពីការបរិភោគរបស់គោឧសភរាជថ្វាយជូនព្រះមហាក្សត្រ។

ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិត បានថ្លែងថា៖ «ខ្ញុំព្រះករុណាសូមថ្វាយ និងជម្រាបជូនពីលទ្ធផលដែលបានមកពីការផ្សងគោឧសភរាជបរិភោគនូវអាហារទាំង ៧ មុខ ទៅតាមបរមបុរាណ ហើយដែលគោឧសភរាជបានបរិភោគ ដែលក្នុងនោះលទ្ធផលគឺ ស្រូវ ៩៥% ពោត ៩៥% និងសណ្ដែក ៨៥%។
ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិតបានថ្លែងបន្តថា នេះជាការផ្សងប្រផ្នូលតាមទំនៀមទម្លាប់ព្រះរាជបវេណីនៃព្រះរាជពិធីច្រត់ព្រះនង្គ័លដែលមានតាំងពីបុរាណកាលមក ក៏ដូចជាការប្រកាសថា «រដូវវប្បមង្គល» បានចូលមកដល់ហើយ៕ អត្ថបទ៖ បាន ចក់



