អ្នកបោះឆ្នោតទាំង១៦៧រូប នៅក្នុងខេត្តកោះកុង បានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក រួចរាល់អស់ហើយ ដោយគ្មានអវត្តមានម្នាក់ណានោះឡើយ ក្រោមបរិយាកាសល្អប្រសើរ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ។
លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានឱ្យដឹងថា ការិ យាល័យបោះឆ្នោតចំនួន៧ក្រុងស្រុក ក្នុងខេត្តកោះកុង បានទទួលអ្នកបោះឆ្នោត១០០ភាគរយ ដោយគ្មាន អ្នកបោះឆ្នោតណាម្នាក់អវត្តមាននោះទេ ។
លោកបានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅថ្ងៃទី២៦ ឧសភា នេះ បានចាប់ដំណើរការតាំងពីម៉ោង៧ព្រឹក និងបានចប់សព្វគ្រប់នៅម៉ោងប្រមាណ១០ព្រឹក ដោយអ្នកបោះឆ្នោតបានបោះឆ្នោតរួចរាល់ និងដំណើរការរាប់សន្លឹកឆ្នោត។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានវាយតម្លៃដែរថា ទិដ្ឋភាពនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកក្នុងខេត្ត ប្រព្រឹត្តទៅបានដោយរលូនល្អប្រសើរ ក្រោមកិច្ចសហការការពាររបស់សមត្ថកិច្ចផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ។
សូមជម្រាបថា ខេត្តកោះកុង មានគណបក្សចំនួន៣ បានចូលរួមការប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤នេះ ទី១- គណបក្សប្រជាជនកម្ពុជា ទី២- គណបក្សឆន្ទៈខ្មែរ និងទី៣-គណបក្សកម្លាំងជាតិ៕ អត្ថបទ៖ឈឹម មករា






