ការបោះឆ្នោតជ្រើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុងស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤នេះ បានដំណើរការដោយរលួន យុត្ដិធម៌ ត្រឹមត្រូវ និងតម្លាភាព ដោយគ្មានហិង្សាណាមួយកើតឡើងនោះឡើយ ខណៈដែលអ្នកសង្កេតការណ៍មកពីអង្គការសមាគម និងមកពីគណបក្សនយោបាយ បានតាមដាន យ៉ាងយកចិត្ដទុកដាក់បំផុត នៅក្នុងព្រឹត្ដិការណ៍នេះ។
លោក នឹម វ៉ាន់សំ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប មានប្រសាសន៍ថា ព្រឹត្ដិ ការណ៍បោះឆ្នោតក្រុមប្រឹក្សាខេត្ដស្រុក ក្រុង នៃខេត្ដសៀមរាប បានប្រព្រឹតទៅចាប់តាំងពី៧ព្រឹក រហូតដល់ រាប់សន្លឹកឆ្នោត បានបញ្ចប់ដោយជោគជ័យ ដោយអ្នកបោះឆ្នោតបានចូលរួមបោះឆ្នោតដោយរីករាយ និងសម្ដែងងនូវមោទកភាពចំពោះព្រឹត្ដិការណ៍បោះឆ្នោតអសកលនេះ។
លោកបានបញ្ជាក់ថា ការិយាល័យចំនួន១៣ បានបិទបញ្ចប់ការបោះឆ្នោត ដោយអ្នកបោះឆ្នោត បានទៅបោះគ្រប់ចំនួន៦៦៨នាក់ ព្រមទាំងបានដំណើរការរាប់សន្លឹកឆ្នោត ក្រោមក្រសែភ្នែកនៃក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកពីតាមអង្គការ សមាគម និងមកពីគណបក្សនយោបាយ។
បើតាមរបាយការណ៍ របស់គខបខេត្ដសៀមរាប បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សាខេត្ដរាជធានីក្រុងស្រុក សម្រាប់ខេត្ដសៀមរាប មានអ្នកបោះឆ្នោត ចំនួន៦៦៨នាក់ ដោយមានគណបក្សនយោបាយ ចំនួន៥ចូលរួមប្រកួតប្រជែង ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ និងគណបក្សរួបរួមជាតិ៕ អត្ថបទ៖ ឈិត សាវី





