
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា បំណាក់ដីដ៏ធំមួយ ត្រូវគេបារម្ភថា បានសម្លាប់មនុស្សជាង១០០នាក់ និងជាង ៣.០០០នាក់ទៀត ត្រូវបានកប់ក្រោមកម្ទេចថ្ម បន្ទាប់ពីវាបានវាយប្រហារភូមិដាច់ស្រយាល នៅភាគខាងជើង ខេត្ដអេនហ្កា (Enga)របស់ប្រទេសប៉ាពួ នូវ៉ែល ហ្គីណេ (Papua New Guinea) កាលពីព្រឹកព្រលឹម ថ្ងៃសុក្រ។
យោងតាមអ្នកភូមិម្នាក់នៅមូលដ្ឋាននោះ និង ក្រុមការងាររបស់ក្រុមប្រព័ន្ធផ្សព្វផ្សាយចិនមួយ ដែលបានរាយការចេញពីកន្លែងកើតហេតុកាលពីថ្ងៃសុក្រ បានអោយដឹងថា បំណាក់ដី បានកើតឡើងនៅម៉ោងប្រមាណជា ៣ :00 ទៀបភ្លឺ ត្រូវនឹងម៉ោងក្នុងតំបន់ខ្ពង់រាប អេនហ្កា (Enga) ដោយបានធ្វើអោយប៉ះពាល់យ៉ាងហោចណាស់ដល់ចំនួន៥ភូមិ និងបានធ្វើអោយខូចខាតលំនៅឋានជាង១២០ខ្នង។
ខណ:ដែលបំណាក់ដី បានបន្ដរុញកម្ទេចថ្មចុះមកក្រោម និងកម្ទេចកម្ទីផ្សេងទៀត ចូលក្នុងភូមិមួយនោះ ក្រុមអ្នកស្រុក បានជីកពាសពេញបំណែកទាំងភិតភ័យ ដើម្បីរកជនរងគ្រោះដែលកប់ ខណ:ដែលគេកំពុងងឿងឆ្ងល់ ឃើញមានស្រ្ដី ក្មេង និងមនុស្សចាស់ៗ កាន់ទុក្ខនៅកន្លែងកើតគ្រោះមហន្ដរាយនោះ។

នាយករដ្ឋមន្រ្ដី លោក ជេម ម៉ារេប (James Marape) បានសម្ដែងការរំលែកទុក្ខ ជាមួយគ្រួសារអ្នកភូមិដែលបានស្លាប់ និងបានបញ្ជាអោយធ្វើប្រតិបត្ដការរុករក និងជួយសង្រ្គោះ ហើយនិងសាងសង់ ហេដ្ឋារចនាសម្ព័ន របស់ភូមិដែលរងគ្រោះឡើងវិញ៕