
អ្នកបោះឆ្នោតនៅរដ្ឋ ហារីយ៉ាណា (Haryana) ភាគខាងជើងក្នុងប្រទេសឥណ្ឌា បានចេញទៅបោះឆ្នោតក្នុងដំណាក់កាល៦នៃការបោះឆ្នោតសកលរបស់ប្រទេសនេះកាលពីថ្ងៃសៅរ៍ ២៥ ឧសភា ស្របពេលសីតុណ្ហភាពក្តៅខ្លាំង ឡើងដល់ ៤៣ អង្សាសេ។
ក្រុមអាជ្ញាធរឥណ្ឌា បានចេញការប្រកាសអាសន្ន ខណៈរលកកម្ដៅបានហក់ឡើងខ្ពស់ នៅតាមតំបន់មួយចំនួននៅរដ្ឋ រាជាស្ថាន (Rajasthan)ខណៈអ្នកស្លាប់ដោយសាររលកកម្ដៅកើនឡើងដល់១៤នាក់។
មនុស្សជាង១១១ លាននាក់នៅក្នុងមណ្ឌលបោះឆ្នោតចំនួន ៥៨ នៅទូទាំងរដ្ឋចំនួន៨ និងដែនដីសហព័ន្ធ មានសិទ្ធិក្នុងការបោះឆ្នោតសកលដំណាក់កាលទី៦នេះ ដែលបានកត់ត្រាចំនួនអ្នកទៅបោះឆ្នោត៤៩,២% នៅម៉ោង៣រសៀល ដោយនៅសល់រយៈពេលបីម៉ោងនៃការបោះឆ្នោត។

រដ្ឋ ហារីយ៉ាណា (Haryana) ដែលមានមណ្ឌលបោះឆ្នោតចំនួន ១០ កំពុងមើលឃើញការតតាំងដ៏ស្វិតស្វាញរវាងគណបក្សកាន់អំណាច Bharatiya Janata Party (BJP) និងក្រុមគណបក្សប្រឆាំង។
ការកើនឡើងតម្លៃទំនិញនៅតាមទីផ្សារ និងកង្វះការងារ គឺជាបញ្ហាចម្បងពីរ ដែលបានលើកឡើងដោយក្រុមអ្នកបោះឆ្នោតទៅកាន់សារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ នៅពេលសួរអំពីកត្តានានា ដែលបានកំណត់ការបោះឆ្នោតរបស់ពួកគេ។
គួររម្លឹកថា ការបោះឆ្នោតបានចាប់ផ្តើមកាលពីថ្ងៃទី ១៩ ខែមេសា ហើយនឹងបញ្ចប់នៅថ្ងៃទី ១ ខែមិថុនា ដោយលទ្ធផលនឹងប្រកាសនៅថ្ងៃទី៤ ខែមិថុនា៕