ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ជាផ្លូវការថា អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើ ឈីលី ពាក់ព័ន្ធនឹងការដុតព្រៃ ដែលបានឆេះបំផ្លាញនៅប្រទេសឈីលី ភាគកណ្តាល កាលពីខែកុម្ភៈកន្លងទៅ ដោយបានសម្លាប់មនុស្សជាង ១៣០ នាក់ ។
រហូតមកដល់ពេលនេះ អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តឈ្មោះ ហ្វ្រង់ស៊ីស្កូ អ៊ីណាស៊ីយ៉ូ ម៉ុនដាកា ( Francisco Ignacio Mondaca) រួមជាមួយនឹង លោក ហ្រ្វង់ស៊ីស្កូ ភីនតូ (Francisco Pinto) មន្ត្រីមកពីសាជីវកម្មព្រៃឈើជាតិរបស់ប្រទេសឈីលី (CONAF) ដែលជាផ្នែកមួយនៃក្រសួងកសិកម្ម គឺជាអ្នកទទួលខុសត្រូវក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ។
ការិយាល័យរដ្ឋអាជ្ញានៅទីក្រុង វ៉ាល់ផារ៉េសូ (Valparaiso)ដែលជាទីក្រុងឆ្នេរសមុទ្រនៅជិតតំបន់ រងគ្រោះខ្លាំងបំផុតដោយអគ្គិភ័យបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនសង្ស័យទាំងពីរនាក់ កំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន។
មេធាវីរបស់បុរសទាំងពីរ មិនអាចទាក់ទងបានភ្លាមៗទេ។
ក្រុមអាជ្ញាធរបាននិយាយថាជនសង្ស័យម៉ុនដាកា ដែលជាអ្នកពន្លត់អគ្គិភ័យ បានធ្វើផែនការនេះ ប៉ុន្តែបានលើកឡើងពីមន្ត្រី CONAF ថាជាមេក្លោងនៅពីក្រោយចំហេះព្រៃនេះ៕

