ក្រុមមន្ត្រីប្រចាំតំបន់បាននិយាយកាលពីចុងសប្ដាហ៍នេះ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើផ្សារទំនើបមួយក្នុងទីក្រុងខាគីវ (Kharkiv) ភាគខាងជើងប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស យ៉ាងហោចណាស់១២នាក់ និង៤៣នាក់ផ្សេងទៀតរងរបួស។
អណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅឯផ្សារទំនើប អ៊ីភីកសែនធ័រ ឃេ (Epicentr K) នៅតំបន់ដាច់ស្រាលភាគខាងជើង ទីក្រុងនេះ ។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា មានមនុស្សប្រមាណជាង២០០នាក់ នៅខាងក្នុងផ្សារទំនើបនោះនៅពេលរងការវាយប្រហារ។
លោក Zelensky បានបន្ថែមថា ការវាយប្រហារលើក្រុងខាគីវ គឺជាការបង្ហាញឱ្យឃើញមួយផ្សេងទៀត នៃភាពក្រៀមក្រម បង្កឡើងដោយរុស្ស៊ី ។
លោកបន្តថាមានតែមនុស្សដូចជាលោកប្រធានាធិបតី Vladimir Putin ប៉ុណ្ណោះដែលមានសមត្ថភាពសម្លាប់ និងប្រព្រឹត្តអំពើភេរវកម្មលើមនុស្សដោយប្រើវិធីនេះ។
យោងតាមមន្ត្រីក្នុងតំបន់ បាននិយាយថា ការវាយប្រហារតាមអាកាសលើកទី២ នៅកណ្ដាលក្រុងខាគីវ កាលពីយប់ថ្ងៃសៅរ៍ បានបណ្ដាលឲ្យមនុស្ស៨នាក់រងរបួស៕

