
អ្នកជំងឺនៅភាគខាងជើង ក្នុងតំបន់ហ្កាហ្សាស្ទ្រីប កំពុងប្រឈមស្ថានភាពធ្ងន់ធ្ងរ ខណៈកងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមដាក់គោលដៅទៅលើមន្ទីរពេទ្យក្នុងតំបន់នេះ។
បុគ្គលិកពេទ្យ និងអ្នកជំងឺ បានចាកចេញពីមន្ទីរពេទ្យ Kamal Adwan នៅភាគខាងជើងក្នុងដែនដីហ្កាហ្សា បន្ទាប់ពីមីស៊ីលអ៊ីស្រាអែល បានវាយប្រហារផ្នែកសង្គ្រោះបន្ទាន់របស់ខ្លួន។
លោក Hassan Helweh ប្រធានមន្ទីរពេទ្យ បាននិយាយថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែក ដាក់គោលដៅលើក្រុមអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនេះ។

លោកបាននិយាយថា នៅពេលការឡោមព័ទ្ធនៅតែបន្តនៅភាគខាងជើងនៃដែនដីហ្កាហ្សា វាពិតជាលំបាកណាស់សម្រាប់អ្នកជំងឺក្រលៀនក្នុងការមកកាន់មន្ទីរពេទ្យដោយសារតែការទម្លាក់គ្រាប់បែកដោយយន្តហោះអ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកនៅតំបន់ជុំវិញមន្ទីរពេទ្យ Kamal Adwan អមដោយការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ។
ចំនួនពលរដ្ឋប៉ាឡេស្ទីន បានស្លាប់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅក្នុងដែនដី ហ្កាហ្សា បានកើនឡើង ជិត ៣៦.០០០នាក់ ។
ក្នុងរយៈពេល២៤ម៉ោងកន្លងទៅកាលពីចុងសប្ដាហ៍នេះ ទាហានអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ចំនួន៤៦នាក់ និង១៣០នាក់ផ្សេងទៀតរងរបួស ដែលនាំឲ្យអ្នករបួសកើនឡើងដល់៨០.៤២០នាក់ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុនមក៕