មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹង-ទ័រ (Lai Ching-te)បានបន្តបង្ហាញឆន្ទៈឆ្ពោះទៅរក និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនកាលពីថ្ងៃអាទិត្យ ថ្ងៃទី ២៦ ឧសភា បន្ទាប់ពីហ្គេមសង្រ្គាមរបស់ចិនរយៈពេលពីរថ្ងៃនៅជិតកោះនេះ ខណៈសមាជិកសភាសហរដ្ឋអាមេរិកមួយក្រុមបានទៅដល់ទីក្រុងតៃប៉ិ(Taipei)។
ប្រទេសចិន ដែលអះអាងថា កោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធាកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍មុន ដោយហៅសកម្មភាពយោធាទាំងនោះថា ជាការដាក់ទណ្ឌកម្ម បន្ទាប់ពីសុន្ទរកថាបើកអំឡុងពិធីស្បថចូលកាន់តំណែងរបស់លោក ឡៃ កាលពីថ្ងៃចន្ទដើមសប្ដាហ៍មុន ដែលទីក្រុងប៉េកាំង បានហៅថាជាការជំរុញមួយទៀត សម្រាប់ឯករាជ្យភាពផ្លូវការរបស់កោះនេះ។

ចិនបានថ្កោលទោស ដដែលៗ លើមេដឹកនាំថ្មី លោក ឡៃ ថាជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។ លោកឡៃ ច្រានចោលការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ហើយនិយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។ លោកតែងបានផ្តល់ការចរចាម្តងហើយម្តងទៀតជាមួយចិត្ត ប៉ុន្តែត្រូវបានបដិសេធ។

ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន (DPP) របស់លោក នៅទីក្រុង តៃណាន(Tainan) ភាគខាងត្បូង លោក ឡៃ បានអំពាវនាវដល់ប្រទេសចិនឱ្យ ចែករំលែកការទទួលខុសត្រូវដ៏ធ្ងន់នៃស្ថិរភាពក្នុងតំបន់ជាមួយតៃវ៉ាន់។នេះបើយោងតាមមតិដែលផ្តល់ដោយគណបក្សរបស់លោក។ លោក ឡៃ ដែលបានឈ្នះការបោះឆ្នោតកាលពីខែមករា បាននិយាយថា លោកក៏ទន្ទឹងរង់ចាំការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងការផ្សះផ្សាជាមួយប្រទេសចិន ផងដែរ តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ បង្កើតផលប្រយោជន៍ទៅវិញទៅមក និងឆ្ពោះទៅកាន់ជំហរសន្តិភាព និងវិបុលភាពរួម៕