ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជានឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា«អាស៊ាន» តាមរយៈប្រពន្ធអនឡាញនៅថ្ងៃទី៨ ខែសីហា ខាងមុខនេះ។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែសី ហា។
ប្រភពដដែលបញ្ជាក់បន្ថែមថា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្រ្តីវប្បធម៌អាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងថ្លែងសុន្ទរកថា ស្វាគមន៍អបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតអាស៊ាននេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែប្រារព្ធធ្វើជាញឹកញាប់ទៅតាមពេលវេលា ដើម្បីអបអរសាទរខួប នៃថ្ងៃបង្កើតអាស៊ាន ប៉ុន្តែនៅពេលមានវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះមក មានការអាក់ខានក្នុងការរៀបចំព្រឹត្តិការណ៍ដោយផ្ទាល់ តែទោះជាយ៉ាងណាក្ដី ក៏នៅតែព្យាយាមរៀបចំតាមរយៈអនឡាញដដែល។
ក្រោយមានការផ្ទុះនៃការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងគំហុកនៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងតំបន់ ព្រឹត្តិការណ៍ជាច្រើនបានប្តូរសណ្ឋាននៃការរៀបចំ ពីការរៀបចំដោយផ្ទាល់ មកជាការរៀបចំតាមរយៈប្រព័ន្ធវីដេអូ ឬប្រភេទហាយប្រីដ ដែលមានអ្នកអាចចូលរួមដោយផ្ទាល់ និងដោយប្រយោលតាមប្រព័ន្ធវីដេអូ ដែលវាជាបរិបទនៃការរៀបចំតាមបែបបទគន្លងប្រក្រតីភាពថ្មី។
អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ដែលមានប្រទេសចំនួន៥ ជាស្ថាបនិក រួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ បានព្រមព្រៀងចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាសរួមក្នុងការបង្កើតសមាគមមួយនេះឡើង ហើយសព្វថ្ងៃនេះអាស៊ានបានក្លាយជាសហគមន៍ដែលកំពុងទទួលបានភាពលេចធ្លោ និងជោគជ័យ។ កម្ពុជាបានក្លាយជាប្រទេសសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេសព្រុយណេដារ៉ូសេឡឹម វៀតណាម ឡាវ និងមីយ៉ាន់ម៉ា៕ អត្ថបទ ៖ គង់ ឌិន







