កំពង់ឆ្នាំង៖ ដោយគិតគូដល់សុខុមាលភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយកម្លាំងបសុពេទ្យ និងសមត្ថកិច្ចគយ ពិនិត្យលើសាច់ទាក្លាសេដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំងចំនួន៧២២គីឡូក្រាម ដែលត្រូវសមត្ថកិច្ចគយនៃសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំងចាប់ឃាត់បានកាលពី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ជាញឹកញាប់ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត និងកម្លាំងសមត្ថកិច្ចគយ តែងចាប់បាននូវសាច់បង្កក និងសាច់ក្លាសេគ្មានលិខិតអនុញាតិដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំង ហើយដើម្បីចូលរួមថែរក្សាសុខភាពអ្នកបរិភោគ និងប្រជាពលរដ្ឋគ្រប់រូប នៅថ្ងៃនេះ ឯកឧត្តមបានអោយមន្ត្រីបសុពេទ្យខេត្ត និងសមត្ថកិច្ចគយ ចុះពិនិត្យទៅលើសាច់ក្លាសេដែលវេចខ្ចប់ក្នុងថង់គ្មានអនាម័យត្រឹមត្រូវ និងបានដឹកចេញពីភ្នំពេញមក ដែលខាងសមត្ថកិច្ចគយចាប់បានកាលពីម្សិលមិញ។
សូមបញ្ជាក់ជូនថា៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១និង៣០នាទី កម្លាំងសមត្ថកិច្ចគយនៃសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង បានបង្រា្កបរថយយន្តម៉ាក HIGHLANDER ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ 2AU-5675 ធ្វើដំណើរពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តកំពង់ឆ្នាំង ។ លុះមកដល់ចំណុចគីឡូម៉ែត្រ៦៨ ផ្លូវជាតិលេខ៥ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មន្រ្តីគយបានធ្វើការឃាត់រថយន្តខាងលើនោះដើម្បីត្រួតពិនិត្យ។ ជាលទ្ធផលត្រួតពិនិត្យបឋមឃើញមាន សាច់ទាដាក់ក្នុងធុងស្នោរក្លាសេ និងវេចខ្ចប់ក្នុងថង់គ្មានអនាម័យចំនួន៧២២គីឡូក្រាម ហើយពុំមានឯកសារពាក់ព័ន្ធភ្ជាប់មកជាមួយឡើយ ៕ កាំង ហុងវាស្នា




