នគរបាលអគ្គីភ័យ បានបន្តការចុះធ្វើសមយុទ្ធតាមផ្សារទំនើប អ៊ីអន៣ ដើម្បីធ្វើបទបង្ហាញពីរបៀបបង្ការ និងពន្លត់អគ្គិភ័យ ដល់ក្រុមការងារបុគ្គលិកផ្សារទាំងអស់ ដើម្បីបញ្ចៀបការយល់ដឹងកាន់តែទូលំទូលាយពីវិធានបង្ការ ។
កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានពន្លត់ និងបង្ការអគ្គីភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្តការធ្វើសមយុទ្ធនៅផ្សារទំនើបអ៊ីអន៣ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ដើម្បីធ្វើបទបង្ហាញ និងបង្រៀនការអនុវត្ត ដល់ក្រុមបុគ្គលិកផ្សារ ឱ្យយល់ដឹងច្បាស់ពីវិធីបង្ការ និងវិធីធ្វើការសង្គ្រោះបឋម នៅពេលមានគ្រោះអគ្គីភ័យកើតមានឡើង ។
លោកឧត្តមសេនីយ៍ត្រី សេក ធឿន អនុប្រធាននាយកដ្ឋានពន្លត់ និងបង្ការអគ្គីភ័យ បានប្រាប់ឱ្យដឹងថា នគរបាលជំនាញ តែងតែបានចុះជាញឹកញ៉យតាមបណ្តាផ្សារធំៗ ក្នុងការចុះធ្វើសមយុទ្ធបទបង្ហាញ ពីជំនាញបង្ការ និងសង្គ្រោះ ព្រោះនេះ គឺជាកិច្ចការងារសំខាន់ដែលត្រូវយកចិត្តទុកដាក់ និងគិតគូរឱ្យបានមុន មុនពេលកើតមានគ្រោះអគ្គីភ័យ ដែលតែងបង្ការជាវិនាសកម្មធ្ងន់ធ្ងរ ។
លោកឧត្តមសេនីយ៍ បន្តថា ផ្សារទំនើបអ៊ីអន តែងតែបានសហការជាមួយនគរបាលជំនាញជានិច្ច ក្នុងការអនុញ្ញាតឱ្យនគរបាល ចុះធ្វើបទបង្ហាញ និងបង្រៀនពីវិធានសង្គ្រោះ ដល់បុគ្គលិក និងក្រុមការងារ ក្នុងផ្សារទាំងមូល ។
តំណាងគណះគ្រប់គ្រងផ្សារទំនើបអ៊ីអន៣ បានបង្ហាញក្តីរីករាយ និងពេញចិត្តចូលរួមជាមួយនគរបាលជំនាញ ក្នុងសកម្មភាពបង្ហាត់ បង្រៀន ដល់ក្រុមបុគ្គលិកផ្សារ ឱ្យកាន់តែមានការយល់ដឹងច្បាស់ និងស្ទាត់ជំនាញ ក្នុងការបង្ការ និងសង្គ្រោះបឋម ដល់អថិតិជន បុគ្គលិករួមការងារ ឬបងប្អូនប្រជាពលរដ្ឋជាដើម នៅពេលមានគ្រោះអគ្គីភ័យកើតមានឡើងជាយថាហេតុ ៕ អត្ថបទ ៖ លីហេង










