គណបក្សប្រឆាំងធំរបស់ប្រទេសអាហ្រ្វិកខាងត្បូង គឺគណបក្សសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ (DA) បានធ្វើការប្រមូលផ្តុំគ្នាចុងក្រោយរបស់ខ្លួន នៅទីក្រុង Benoni ភាគខាងកើតទីក្រុង ចូហានណេសប៊ឺក(Johannesburg) កាលពីថ្ងៃអាទិត្យ នៅមុនការបោះឆ្នោតសកល។ អ្នកគាំទ្រគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (DA) បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេកំពុងសង្ឃឹមសម្រាប់ការផ្លាស់ប្តូរ។

ប្រជាជនអាហ្រ្វិកខាងត្បូង នឹងទៅបោះឆ្នោតនៅថ្ងៃពុធ ទី២៩ ខែឧសភា ដោយមានកំហឹងរាលដាលជុំវិញការកាត់ផ្តាច់ថាមពល ភាពអត់ការងារធ្វើ និងអំពើពុករលួយ ដែលកំពុងគំរាមកំហែងដល់ការបញ្ចប់ការគ្រប់គ្រងរបស់គណបក្ស African National Congress (ANC)រយៈពេល៣០ ឆ្នាំ បន្ទាប់ពី លោក Nelson Mandela បានដឹកនាំគណបក្សនេះ ឡើងកាន់អំណាច។

ក្រុមអ្នកវិភាគនិយាយថា វាពិបាកក្នុងការស្រមៃមើលការរៀបចំស្ថិរភាពនៅក្រោមសេណារីយ៉ូនេះ ហើយប្រទេសអាហ្រ្វិកខាងត្បូង អាចនឹងប្រឈមមុខទៅនឹងអំឡុងពេលនៃភាពប្រែប្រួលរបស់រដ្ឋាភិបាលដែលមិនធ្លាប់មានពីមុនមក។
ថ្លែងទៅកាន់ប្រជាជាតិ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា មុនការបោះឆ្នោតសកល ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់អាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានបង្ហាញពីការអនុវត្តរបស់លោក នៅក្នុងតំណែង នៅពេលលោក បានចូលកាន់តំណែងនៅក្នុងឆ្នាំ២០១៩ ។
នៅក្នុងសុន្ទរកថា លោក Ramaphosa បាននិយាយថតាមទូរទស្សន៍ថា យើងបានដាក់ប្រទេសអាហ្វ្រិកខាងត្បូងលើគន្លងថ្មីនៃការងើបឡើងវិញ និងបានចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពរីកចម្រើននាពេលអនាគត។ លោកនិយាយថា រដ្ឋបាលរបស់លោក មានវិធានការសំខាន់ៗដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច ដោយអនុវត្តកំណែទម្រង់ជាច្រើននៅទូទាំងវិស័យផ្សេងៗ ហើយក៏កំពុងដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងអំពើពុករលួយផងដែរ។