សកម្មជនប្រទេសកូរ៉េខាងត្បូង បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីថ្កោលទោសកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតី លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលបានប្រព្រឹត្តទៅ មុនកិច្ចប្រជុំកំពូលត្រីភាគីជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង(Li Qiang)។

សកម្មជន ដែលរួមមានអតីតស្ត្រីបង្ខំឲ្យបម្រើផ្លូវភេទអាយុ ៩៥ ឆ្នាំ អ្នកស្រី Lee Yong-soo បានមកប្រមូលផ្តុំគ្នានៅជិតការិយាល័យប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល និងបានលើកស្លាកដែលមានសារនិយាយពីជម្លោះ ដែលគ្របដណ្តប់លើទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។
ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តអាស៊ីខាងជើងទាំងពីរ របស់សហរដ្ឋអាមេរិក មានភាពតានតឹងជុំវិញជម្លោះមានមកតាំងពីការកាន់កាប់កូរ៉េ នៅឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ របស់ជប៉ុន។

ប្រជាជនកូរ៉េ បានចោទប្រកាន់ប្រទេសជប៉ុន ថាបានបង្ខំស្ត្រីឱ្យធ្វើការនៅក្នុងផ្ទះបនក្នុងសម័យសង្គ្រាម សម្រាប់បម្រើយោធាជប៉ុន និងប្រើប្រាស់ពលកម្មដោយបង្ខំ ក្នុងចំណោមការរំលោភបំពានផ្សេងៗទៀត។
លោក Yoon បានធ្វើការដើម្បីធ្វើឲ្យប្រសើរទំនាក់ទំនងជាមួយប្រទេសជប៉ុន ដែលបានកាន់កាប់ឧបទ្វីបកូរ៉េ និងផ្នែកខ្លះរបស់ប្រទេសចិន ក្នុងចំណោមតំបន់ផ្សេងៗទៀតនៅអាស៊ី មុនពេលសង្គ្រាមលោកលើកទីពីរ។