ទិន្នន័យពីគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលរបស់ប្រទេស បានបង្ហាញថា ប្រធានាធិបតីដែលកំពុងកាន់តំណែងលោក ជីតាណាស ណៅសេដា(Gitanas Nauseda) បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសលីទុយអានី ដោយបានយកឈ្នះលើគូប្រជែងរបស់លោក គឺ លោកស្រី អ៊ីនគ្រីដា ស៊ីម៉ូនីតេ(Ingrida Simonyte) ក្នុងការបោះឆ្នោតថ្មី កាលពីថ្ងៃអាទិត្យ។

ទិន្នន័យចុងក្រោយបំផុត ដែលប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាល បង្ហាញថា នៅក្នុងមណ្ឌលបោះឆ្នោតសរុបចំនួន១.៨៩៥ កន្លែង លោក Nauseda ទទួលបាន ៧៤,៤៣ ភាគរយនៃការគាំទ្ររបស់អ្នកបោះឆ្នោត ខណៈលោកស្រី Simonyte ទទួលបានលំដាប់ថ្នាក់ទីពីរដោយទទួលបានសំឡេង ២៤,០៦ ភាគរយ។ លោក Nauseda បានប្រកាសពីជ័យជម្នះរបស់លោក ខណៈលោកបានទទួលអាណត្តិទីពីរ រយៈពេលប្រាំឆ្នាំរបស់លោក។
លោកបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ BNS នៅក្នុងទីក្រុង Vilnius ថាប្រជាជនលីទុយអានី បានផ្តល់ឱ្យលោកនូវអាណត្តិនៃការជឿទុកចិត្តដ៏អស្ចារ្យ ហើយលោកដឹងយ៉ាងច្បាស់ថាលោកនឹងត្រូវគោរពនូវកិត្តិយសនៃការជឿទុកចិត្តនេះ។

ប្រព័ន្ធផ្សព្វផ្សាយ BNS បានរាយការណ៍ថា លោកស្រី Simonyte ដែលជានាយករដ្ឋមន្ត្រីកំពុងកាន់តំណែង បានទទួលស្គាល់ការបរាជ័យរបស់លោកស្រី និងសាទរ លោក Nauseda ចំពោះជ័យជម្នះរបស់លោក។ ការបោះឆ្នោតថ្មី កាលពីថ្ងៃអាទិត្យ ត្រូវបានធ្វើឡើង បន្ទាប់ពីគ្មានបេក្ខជនណាម្នាក់ ទទួលបានសំឡេងគាំទ្រច្រើនជាងពាក់កណ្តាលក្នុងជុំទីមួយនៃការបោះឆ្នោត កាលពីថ្ងៃទី១២ ខែឧសភា នោះទេ។