ភ្នំពេញ ៖ អាស៊ានបានសាទរចំពោះសារៈសំខាន់ដែលកំពុងកើនឡើងនៃទំនាក់ទំនងអាស៊ាន-កាណាដា និងបានប្តេជ្ញាសម្រេចឱ្យបានលទ្ធផលល្អប្រសើរពីផែនការសកម្មភាពដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីការលើកកម្ពស់ភាពជាដៃគូអាស៊ាន-កាណាដា(២០២១-២០២៥)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី៦ ខែសីហា ស្ដីពី លទ្ធផលនៃស ន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រទេសកាណាដា និងនូវែលសេឡង់ និង ជំ នួបទ្វេភាគីជាមួយលោកជំទាវរដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។
ប្រភពដដែលបន្តថា អាស៊ានក៏បានស្វាគមន៍ចំណាប់អារម្មណ៍របស់កាណាដាក្នុងការលើកកម្ពស់ទំនា ក់ទំនងជាមួយអាស៊ាន ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ហើយនិងបានរំពឹងដល់ការរៀបចំឱ្យមានសកម្ម ភាពរួមគ្នានៅទូទាំងសរសរស្តម្ភទំាងបី ដើម្បីប្រារព្ធខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-កាណាដា នៅក្នុងឆ្នាំ២០២២។ អាស៊ានបានសម្តែងនូវសុទិដ្ឋិនិយមថា ការចរចាលើកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរីអាស៊ាន-កាណាដា អាចនឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២១ ហើយនឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងពេលនោះ។
ចំពោះកិច្ចប្រជុំរវាងអាស៊ានជាមួយនូវែលសេឡង់វិញ កិច្ចប្រជុំបានរំលឹកអំពីការរៀបចំប្រកបដោយភាពជោគជ័យនូវកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-នូវែលសេឡង់ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់។ ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាននៅក្នុងទំនាក់ទំនងអាស៊ាន និងនូវែលសេឡង់ កិច្ចប្រជុំបានឯកភាពពន្លឿនការអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេចក្តីប្រកាសចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់ ស្តីពីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់៖ កេរដំណែលនៃភាពជាដៃគូ អនាគតរួមគ្នា។ កិច្ចប្រជុំបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពសំរាប់ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់(២០២១-២០ ២៥) ស្របតាមមូលបទគន្លឹះដែលបានឯកភាព «សន្តិភាព វិបុលភាព ប្រជាជន និងភពផែនដី» ជាមួយនឹងទស្សនៈក្នុងការរួមចំណែក ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥។
ក្រៅពីកិច្ចប្រជុំនេះ ក៏មានជំនួបទ្វេភាគីរវាងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលោកជំទាវ Nanaia Mahuta រដ្ឋមន្ត្រីការបរ ទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូផងដែរ៕
អត្ថបទ ៖ គង់ ឌិន




