ការផ្តល់សញ្ញារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅសប្តាហ៍នេះ ដែលថាលោកបើកចំហចំពោះកិច្ចចរចាសន្តិភាព ត្រូវបានមើលដោយមានការព្រមានដ៏ច្រើនលើសលុប និងការថ្លឹងថ្លែងនៃបទពិសោធន៍អតីតកាលរបស់អ៊ុយក្រែន និងលោកខាងលិចនៃទំនាក់ទំនងការទូតរុស្ស៊ី ខណៈអ៊ុយក្រែន ហាក់ស្ទាក់ស្ទើមិនទុកចិត្តចំពោះសញ្ញាសន្តិភាពមួយនោះ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពចំនួនបួន នៅក្នុងរបាយការណ៍មួយពីអ្នកយកព័ត៌មានរុស្ស៊ីថា ទីក្រុងមូស្គូ មានឆន្ទៈពិចារណាលើការចរចាសន្តិភាព ដែលនឹងបញ្ឈប់សង្រ្គាមត្រឹមទឹកដីកាន់កាប់របស់រុស្ស៊ី បច្ចុប្បន្នប្រហែលមួយភាគប្រាំនៃប្រទេសអ៊ុយក្រែន។

លោក ពូទីន បានឆ្លើយតបទៅនឹងរបាយការណ៍នោះដោយលើកឡើងថា រុស្ស៊ីមានឆន្ទៈក្នុងការពិភាក្សាសន្តិភាពដោយផ្អែកលើកិច្ចព្រមព្រៀងពីមុន។ លោកបានសំដៅដល់កិច្ចព្រមព្រៀងមួយនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីសង្រ្គាមបានចាប់ផ្តើមនៅឆ្នាំ២០២២ ដែលបានបរាជ័យ ដោយសារតែកងកម្លាំងរបស់ទីក្រុងមូស្គូ នៅតែវាយលុកពាសពេញទឹកដីអ៊ុយក្រែន ហើយការសម្លាប់រង្គាលនៅជុំវិញទីក្រុងគីវ ត្រូវបានលាតត្រដាង។
លោក ពូទីន បានចោទសួរពីភាពស្របច្បាប់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelensky) ដែលទីក្រុងមូស្គូ បានរិះគន់ម្តងហើយម្តងទៀត បន្ទាប់ពីទីក្រុងគីវ ពន្យាពេលការបោះឆ្នោត ដោយសារតែសង្គ្រាម។
គោលដៅដ៏មហិមារបស់វិមានក្រឹមឡាំង នៅអ៊ុយក្រែន គឺចង់ឱ្យទីក្រុងគីវ មានភាពស្មោះត្រង់បញ្ឈប់ដំណើរការរបស់ប្រទេសនេះឆ្ពោះទៅកាន់សមាជិកភាពសហភាពអឺរ៉ុប និងការចូលរួមក្នុងសម្ព័ន្ធយោធាណាតូ៕