ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងកំណត់ត្រានៅរដ្ឋ រីអូ ក្រែនដេ ដូ ស៊ុល (Rio Grande do Sul)ភាគខាងត្បូងប្រទេសប្រេស៊ីលបានឆក់យកជីវិតមនុស្ស ១៦៩នាក់ហើយ ចាប់តាំងពីព្យុះបានវាយប្រហាររដ្ឋនេះ កាលពីថ្ងៃទី ២៩ ខែមេសា។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ សាកសពបីនាក់ទៀតត្រូវបានគេរកឃើញ ខណៈមនុស្ស ៥៦នាក់នៅតែបាត់ខ្លួន ដោយសារគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុត ដែលរដ្ឋនេះមិនធ្លាប់បានមើលឃើញ។
ប្រជាពលរដ្ឋជាង ២លាន៣សែននាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានដោយទឹកជំនន់ជាច្រើនសប្តាហ៍ ។

លោក អេខ្វាដូ ឡេតេ (Eduardo Leite) អភិបាលរដ្ឋនេះ បានប៉ាន់ប្រមាណថា រដ្ឋនេះ នឹងត្រូវការពេលវេលាយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនៅក្នុងរដ្ឋធានី ព័រតូ អាឡេក្រេ (Porto Alegre) និងក្រុងចំនួន ៤៦៩ ផ្សេងទៀត។
ខណៈការព្យាករណ៍អាកាសធាតុ ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅសប្តាហ៍ខាងមុខនេះនៅទីក្រុង មួយនេះ ទីក្រុងធំៗផ្សេងទៀតក្នុងរដ្ឋ និងសាលារៀន នឹងត្រូវបិទក្នុងរយៈពេល ៤៨ ម៉ោង ដើម្បីកាត់បន្ថយហានិភ័យ៕