យោងតាមការបញ្ជាក់របស់មន្ត្រីសេវាអគ្គិភ័យ ញូវដេលី (DFS) ប្រាប់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យ (២៦ ឧសភា) ថា យ៉ាងហោចណាស់ទារកទើបនឹងកើត ៧ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលអគ្គិភ័យបានឆាបឆេះនៅខាងក្នុងមជ្ឈមណ្ឌលថែទាំទារកក្នុងតំបន់ វីវែក វីហា (Vivek Vihar) ភាគខាងកើតរដ្ឋធានី ញូវ ដេលី (New Delhi) កាលពីយប់ថ្ងៃសៅរ៍ (២៥ ឧសភា)។

ម្នាក់ក្នុងចំណោមទារករងរបួសនោះត្រូវបានគេនិយាយថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
អគ្គិភ័យនេះត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមបន្ទាប់ពីផ្ទុះស៊ីឡាំងអុកស៊ីហ្សែន។ សាក្សីឃើញផ្ទាល់ភ្នែកម្នាក់បាននិយាយថា ហើយមិនយូរប៉ុន្មានផ្សែងយ៉ាងក្រាស់បានហុយពាសពេញអគារទាំងមូល ដែលនាំឱ្យមានភាពចលាចលនៅក្នុងនោះ។ វីដេអូបានបង្ហាញទារកទើបនឹងកើតត្រូវបានជួយសង្គ្រោះ និងនាំយកចុះក្រោមដោយក្រុមពន្លត់អគ្គិភ័យ ដោយមានជំនួយពីជណ្ដើរ។

នគរបាលបានចាប់ខ្លួនម្ចាស់មន្ទីរពេទ្យថែទាំទារក រួមជាមួយនឹងវេជ្ជបណ្ឌិតទទួលបន្ទុកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអគ្គិភ័យ ហើយមូលហេតុនៃឧប្បត្តិហេតុកំពុងត្រូវបានស៊ើបអង្កេត។ ឪពុកម្តាយត្រូវបានគេមើលឃើញថាបានទៅយកសាកសពកូនដែលទើបនឹងកើតរបស់ពួកគេយកមកបញ្ចុះដោយទឹកមុខដ៏សោកសៅ បន្ទាប់ពីបានឆ្លងកាត់ពិធីនៅឯទីបញ្ចុះសពក្នុងស្រុកមួយក្នុងរដ្ឋធានី៕