យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី អ៊ែរឡាញស៍ (SIA) ដែលបានប្រើសម្រាប់ជើងហោះហើរដែលជួបហេតុការចលាចលយ៉ាងធ្ងន់ធ្ងរដោយសារយន្តហោះប៉ះទង្គិចនឹងចរន្តខ្យល់ខ្លាំងលើអាកាស និងបណ្ដាលឱ្យអ្នកដំណើរម្នាក់បានស្លាប់ក្នុងអំឡុងពេលគ្រោះថ្នាក់នោះ បានហោះត្រឡប់ទៅប្រទេសសិង្ហបុរី វិញកាលពីថ្ងៃអាទិត្យ (២៦ ឧសភា) រយៈពេលប្រាំថ្ងៃបន្ទាប់ពីការចុះចតបន្ទាន់នៅទីក្រុងបាងកក។

បុរសជនជាតិអង់គ្លេស វ័យ ៧៣ ឆ្នាំម្នាក់ បានស្លាប់ដោយសង្ស័យថាគាំងបេះដូង ហើយមនុស្សរាប់សិបនាក់បានរងរបួសកាលពីថ្ងៃអង្គារសប្ដាហ៍មុន បន្ទាប់ពីជើងហោះហើរ SQ321 ពីទីក្រុងឡុងដ៍្រ ទៅកាន់ប្រទេសសិង្ហបុរី បានជួបប្រទះនឹងអ្វីដែលក្រុមហ៊ុនអាកាសចរណ៍បានពិពណ៌នាថាជាចរន្តខ្យល់កន្រ្តាក់ខ្លាំងខុសពីធម្មតាដែលបង្កជាចលាចលដ៏ធ្ងន់ធ្ងរ ខណៈពេលកំពុងហោះហើរលើសហភាពមីយ៉ាន់ម៉ា។ ជើងហោះហើរនេះដឹកអ្នកដំណើរ ២១១ នាក់ និងបុគ្គលិក ១៨ នាក់ និងបានបង្វែរទិសដៅទៅកាន់ទីក្រុងបាងកក ភ្លាមៗបន្ទាប់ពីហេតុការណ៍នោះ។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី SIA បាននិយាយថា យន្តហោះ ប៊ូអ៊ីង ៧៧៧-៣០០អ៊ីអា (Boeing 777-300ER) ត្រូវបានហោះហើរត្រឡប់ទៅប្រទេសសិង្ហបុរី វិញកាលពីថ្ងៃអាទិត្យ ដោយបន្ថែមថាក្រុមហ៊ុនអាកាសចរណ៍កំពុងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។
ក្រុមហ៊ុននោះបន្ថែមថា មនុស្សចំនួន ៥២ នាក់ដែលនៅលើយន្តហោះ នៅតែស្ថិតក្នុងទីក្រុងបាងកក រួមទាំងអ្នកដំណើរ ៤០ នាក់ និងបុគ្គលិកម្នាក់ដែលកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ៕