ឆ្មាំសមុទ្រជប៉ុន នៅថ្ងៃចន្ទ (ទី២៧ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា កូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីគម្រោងផែនការរបស់ខ្លួន ក្នុងការបាញ់បង្ហោះរ៉ុក្កែតដឹកផ្កាយរណបអវកាសឆ្ពោះទៅសមុទ្រលឿង និងភាគខាងកើតនៃកោះ Luzon ចន្លោះថ្ងៃទី២៧ ខែឧសភា និងថ្ងៃទី៤ ខែមិថុនា។

ការជូនដំណឹងនេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលត្រីភាគី រវាងជប៉ុន កូរ៉េខាងត្បូង និងចិន ដែលគ្រោងនឹងធ្វើនៅយប់ថ្ងៃទី២៧ ខែឧសភានេះ។

គួរបញ្ជាក់ថា ក្រសួងការបរទេសជប៉ុនបានប្រាប់ថា មន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានពិភាក្សាគ្នាតាមទូរសព្ទ ជាការឆ្លើយតបទៅនឹងការជូនដំណឹងនេះ ហើយបានចែករំលែកទស្សនៈថា ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលីស្ទិក នឹងបំពានលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។
តាមរយៈសារអេឡិកត្រូនិក (អ៊ីម៉ែល) ក្រសួងបានឲ្យដឹងថា ក្រុមមន្ត្រីបានព្រមព្រៀងគ្នាទាមទារឲ្យកូរ៉េខាងជើងលុបចោលការបាញ់បង្ហោះដែលបានគ្រោងទុកនេះ៕