ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានជំរុញឱ្យអ៊ីស្រាអែល បញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួននៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថា ការវាយលុកនេះ គឺផ្ទុយទៅនឹងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ច្រកឆ្លងកាត់ព្រំដែនសំខាន់ៗនៅតែបិទសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។ លោកនិយាយថា រឿងនេះ កើតឡើងប្រឆាំងទៅនឹងសាលក្រមរបស់តុលាការកំពូលរបស់អង្គការសហប្រជាជាតិ គឺតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

ការអត្ថាធិប្បាយលើការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ លោក Borrell បាននិយាយថា «នេះក៏ត្រូវតែបញ្ឈប់ដែរ»។ លោក បានទទូចថា សហគមន៍អន្តរជាតិ ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទទួលបានបទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំង និងធ្វើឲ្យប្រសើរស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា។

តុលាការយុត្តិធម៌អន្តរជាតិ(ICJ) កាលពីថ្ងៃសុក្រសប្តាហ៍មុន បានផ្តល់វិធានការបណ្តោះអាសន្នដែលអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់នូវការវាយលុករបស់ខ្លួននៅទីក្រុង Rafah និងបើកប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ទ្រង់ទ្រាយធំចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ និងបាននិយាយថាស្ថានការណ៍នៅតំបន់ហ្កាហ្សា បន្តយ៉ាប់យ៉ឺនខ្លាំង។