
នាយករដ្ឋមន្ត្រីនៃអាជ្ញាធរប៉ាឡេស្ទីន បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (២៦ ឧសភា) ថាការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរបស់អេស្ប៉ាញ អៀរឡង់ និងន័រវែស នឹងលើកទឹកចិត្តឱ្យប្រទេសអឺរ៉ុបផ្សេងទៀតធ្វើតាមដូចគ្នា។
លោក ម៉ូហាម៉េដ មូស្តាហ្វា (Mohammad Mustafa) បាននិយាយនៅទីក្រុងព្រុចស៊ែល ក្នុងកិច្ចប្រជុំជាមួយម្ចាស់ជំនួយអន្តរជាតិថា លោកមានការដឹងគុណជាខ្លាំងដែលប្រទេសទាំងបីបានចូលរួមយ៉ាងមានប្រសិទ្ធភាពជាមួយប្រទេសចំនួន ១៤៣ ទៀតដែលគាំទ្រសំណើរបស់ប៉ាឡេស្ទីនដើម្បីក្លាយជាសមាជិកពេញលេញរបស់អង្គការសហប្រជាជាតិ នៅក្នុងសេចក្ដីសម្រេចមួយកាលពីដើមខែឧសភា។
ជម្លោះនៅមជ្ឈិមបូព៌ា បានលាតត្រដាងទស្សនៈខុសគ្នានៅក្នុងសហភាពអឺរ៉ុប។ អ្នកការទូតសហភាពអឺរ៉ុបមួយចំនួនបាននិយាយថា នេះមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីននោះទេ។ ប៉ុន្តែលោក មូស្តាហ្វា បាននិយាយថា ការទទួលស្គាល់នៅពេលនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាដំណើរការសន្តិភាព។
អេស្ប៉ាញ បាននិយាយថាប្រទេសអឺរ៉ុបផ្សេងទៀតកំពុងគិតអំពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមទាំងស្លូវេនី ដែលបានចាប់ផ្តើមដំណើរការនេះ។ ប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវេស បាននិយាយថា ពួកគេនឹងទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីនមួយនៅថ្ងៃអង្គារ (២៨ ឧសភា) ស្អែកនេះ ដើម្បីជួយធានាដល់ការបញ្ឈប់ការវាយលុកនៅតំបន់ហ្កាហ្សា របស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា និងធ្វើឱ្យកិច្ចចរចាសន្តិភាពដែលជាប់គាំងកាលពីមួយទសវត្សរ៍មុនដំណើរការឡើងវិញ៕