
សមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ នៅថ្ងៃចន្ទ (២៧ ឧសភា) នេះបាននិយាយថា សមយុទ្ធយោធា «បំភិតបំភ័យ» របស់ប្រទេសចិន បន្ទាប់ពីពិធីកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) បង្ហាញថា ប្រទេសចិន មិនចាប់អារម្មណ៍ក្នុងការក្រសោបយកកោះតៃវ៉ាន់ ដោយមធ្យោបាយសន្តិភាពនោះទេ។
ក្រុមសមាជិកសភាអាមេរិកដំបូង ដែលធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ចាប់តាំងពីលោក ឡៃ ឡើងកាន់តំណែង បានទៅដល់កោះនេះកាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃដែលដឹកនាំដោយលោក ម៉ៃខល មែកខូល (Michael McCaul) ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភារបស់គណបក្សសាធារណរដ្ឋ។
លោក មែកខូល បានថ្លែងនៅក្នុងការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ពីការិយាល័យមេដឹកនាំកោះតៃវ៉ាន់ ថា «អាមេរិក គឺជាដៃគូដែលអាចទុកចិត្តបានជានិច្ច ហើយមិនមានការបង្ខិតបង្ខំ ឬការបំភិតបំភ័យណាមួយនឹងធ្វើឱ្យថយចុះ ឬបញ្ឈប់ដំណើរទស្សនកិច្ចជាប្រចាំរបស់សភា ទៅកាន់កោះតៃវ៉ាន់ឡើយ»។
ប្រទេសចិន ទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ហើយនិយាយថាខ្លួនមានយុត្តាធិការលើច្រកសមុទ្រនេះ។ កោះតៃវ៉ាន់ និងអាមេរិក មិនយល់ស្របលើការអះអាងនោះទេ ដោយនិយាយថាច្រកសមុទ្រតៃវ៉ាន់ ជាផ្លូវទឹកអន្តរជាតិ។ ចិនបានថ្កោលទោស ដដែលៗលើមេដឹកនាំថ្មី លោក ឡៃ ថាជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ខណៈលោកតែងបានផ្តល់ការចរចាម្តងហើយម្តងទៀតជាមួយចិន ប៉ុន្តែត្រូវបានបដិសេធ៕