
យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (២៧ ឧសភា) នេះបាននិយាយថា ខ្លួនបានរៀបចំត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់លទ្ធភាពនៃ «ការបង្កហេតុ» របស់កូរ៉េខាងជើង ខណៈដែលគេរំពឹងថាប្រទេសនេះនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា។
ឆ្មាំល្បាតឆ្នេរជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានជូនដំណឹងថា ខ្លួនគ្រោងនឹងបាញ់បង្ហោះយានចម្លងដឹកផ្កាយរណបឆ្ពោះទៅសមុទ្រលឿង និងភាគខាងកើតនៃកោះ លូហ៊្សូន (Luzon) នៅចន្លោះថ្ងៃទី២៧ ខែឧសភាដល់ថ្ងៃទី០៤ ខែមិថុនា។ ទីក្រុងតូក្យូ បានទាមទារតាមរយៈផ្លូវការទូតក្នុងទីក្រុងប៉េកាំង ថាឱ្យកូរ៉េខាងជើង លុបចោលគម្រោងបាញ់បង្ហោះនោះ។
កូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួននៅក្នុងខែវិច្ឆិកា ដោយដាក់វានៅលើគន្លងបានជោគជ័យ បន្ទាប់ពីការប៉ុនប៉ងបរាជ័យចំនួនពីរលើក មុននោះក្នុងឆ្នាំ២០២៣។ ប្រទេសផ្ដាច់ខ្លួន ដែលបាននិយាយថានឹងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួនបីបន្ថែមទៀតនៅឆ្នាំនេះ បានអះអាងថា ផ្កាយរណបខែវិច្ឆិកា បានថតរូបភាពឃ្លាំមើលរបស់សេតវិមានរបស់សហរដ្ឋអាមេរិក មន្ទីរបញ្ចកោណ និងការដំឡើងយោធាកូរ៉េខាងត្បូង ប៉ុន្តែមិនបានផ្សព្វផ្សាយរូបភាពណាមួយឡើយ៕
ការបាញ់បង្ហោះដោយជោគជ័យកាលពីខែវិច្ឆិកានោះ បានកើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី បានជួបប្រជុំគ្នានៅកន្លែងបាញ់បង្ហោះយានអវកាសនៅចុងបូព៌ារបស់រុស្ស៊ី ជាទីដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូ នឹងជួយក្រុងព្យុងយ៉ាង សាងសង់ផ្កាយរណប៕