

ប្រភពព័ត៌មានពីយោធាលីបង់ បាននិយាយថា សមាជិកក្រុមហេសបូឡា៥នាក់ ត្រូវបានសម្លាប់ ហើយជនស៊ីវិលបីនាក់ បានរងរបួស កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើភូមិមួយចំនួនរបស់ប្រទេសលីបង់។ ប្រភពព័ត៌មានបាននិយាយថា យានដ្រូនរបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅមានបំពាក់មីស៊ីលបាញ់ពីអាកាសទៅអាកាសចំនួនបីគ្រាប់ បានធ្លាក់លើរថយន្តរបស់ជនស៊ីវិលនៅក្នុងភូមិ Houla ភាគអាគ្នេយ៍ ដោយបានសម្លាប់សមាជិកក្រុម ហេសបូឡាបីនាក់ ខណៈជនស៊ីវិលបីនាក់ក៏បានរងរបួស។
នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយ យានដ្រូនរបស់អ៊ីស្រាអែល បានដាក់គោលដៅទៅលើភូមិ Yaroun នៅតំបន់ព្រំដែនភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់សមាជិកក្រុមហេសបូឡាពីរនាក់ កំពុងជិះម៉ូតូ។
កាលពីថ្ងៃអាទិត្យ កាំភ្លើងធំរបស់អ៊ីស្រាអែល បានបាញ់ផ្លោងប្រហែល ៧៥ គ្រាប់ រួមទាំងគ្រាប់ផ្លោងផូស្វ័រ ២០ គ្រាប់ ទៅលើទីប្រជុំជន និងភូមិចំនួន ១១ នៅភាគកណ្តាល និងភាគខាងកើត បង្កឲ្យមានអគ្គិភ័យជាច្រើនកន្លែង។ ក្រុមហេសបូឡា បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានកំណត់គោលដៅលើទីតាំងជាច្រើនកន្លែងរបស់អ៊ីស្រាអែល។
ប្រភពព័ត៌មានពីយោធាលីបង់និយាយថា ពួកគេបានត្រួតពិនិត្យការបាញ់មីស៊ីលប្រហែល១២០ គ្រាប់ ពីភាគខាងត្បូងប្រទេសលីបង់ ទៅភាគខាងជើងអ៊ីស្រាអែល កាលពីរសៀលថ្ងៃអាទិត្យ ដែលមួយចំនួនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធចាប់មីស៊ីល Iron Dome របស់អ៊ីស្រាអែល។
ភាពតានតឹងនៅតាមបណ្តោយព្រំដែនប្រទេសលីបង់-អ៊ីស្រាអែល បានកើនឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការបាញ់រាំងគ្រាប់រ៉ុក្កែតដែលបាញ់ដោយក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់ ចូលទៅកាន់អ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល។ បន្ទាប់មក អ៊ីស្រាអែល បានសងសឹកដោយការបាញ់កាំភ្លើងធំយ៉ាងសន្ធាប់ទៅភាគអាគ្នេយ៍ប្រទេសលីបង់។ ការប្រឈមមុខដាក់គ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានសម្លាប់មនុស្ស ៤៩២ នាក់ នៅខាងលីបង់ រួមមានសមាជិកក្រុមហេសបូឡា ៣១៤នាក់ និងជនស៊ីវិល៩១នាក់ នេះបើយោងតាមប្រភពព័ត៌មានពីសន្តិសុខប្រទេសលីបង់។