
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយនៅថ្ងៃចន្ទ (២៧ ឧសភា) នេះ បន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុងសេអ៊ូល ថា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានបញ្ជាក់ជាថ្មីថា ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងស្ថិរភាពនៃឧបទ្វីបកូរ៉េ គឺជាគោលដៅ និងចំណាប់អារម្មណ៍រួមរបស់ពួកគេ។
លោក គីស៊ីដា នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) បានជួបប្រជុំដ៏កម្រមួយ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគី ដែលជាប់គាំងតាំងពីឆ្នាំ២០១៩ ដំណើរការឡើងវិញ។
ទាក់ទងនឹងប្រទេសកូរ៉េខាងជើង លោក យ៉ុន និងលោក គីស៊ីដា បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង កុំអនុវត្តគម្រោងការណ៍បាញ់បង្ហោះយានចម្លងផ្ទុកផ្កាយរណបអវកាស ដែលពួកគេនិយាយថាប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទិក ដែលត្រូវបានហាមឃាត់ដោយសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រទេសចិន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺកូរ៉េខាងត្បូង និងជប៉ុន កំពុងព្យាយាមគ្រប់គ្រងការមិនទុកចិត្តគ្នាទៅវិញទៅមករវាងភាគីទាំងបី ស្របពេលមានការប្រកួតប្រជែងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ភាពតានតឹងលើកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជារបស់ខ្លួន និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕