
រដ្ឋាភិបាលបាននិយាយនៅថ្ងៃចន្ទ (២៧ ឧសភា) នេះថា មនុស្សជាង ២.០០០ នាក់ អាចត្រូវបានកប់ទាំងរស់ក្នុងបំណាក់ដីដ៏ធំនៅប្រទេសប៉ាពួនូវ៉ែលហ្គីណេ កាលពីសប្តាហ៍មុន ដោយសារតែសណ្ឋានដីមិនល្អ និងការលំបាកក្នុងការទទួលបានជំនួយទៅទីតាំងនោះ បង្កើនហានិភ័យនៃឱកាសតិចតួច ដែលថាអ្នកនៅរស់រានមានជីវិត អាចត្រូវបានរកឃើញ។
មជ្ឈមណ្ឌលគ្រោះមហន្តរាយជាតិ បានបង្កើនចំនួនមនុស្សដែលសង្ស័យថាបានកប់ស្លាប់ដល់ទៅ ២.០០០ នាក់នៅក្នុងលិខិតមួយផ្ញើទៅកាន់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅថ្ងៃចន្ទ នេះ ប៉ុន្តែទីភ្នាក់ងារអង្គការសហប្រជាជាតិ បានដាក់លទ្ធភាពនៃចំនួនអ្នកស្លាប់ត្រឹមតែជាង ៦៧០ នាក់ប៉ុណ្ណោះ។
ក្រុមសង្គ្រោះបន្ទាន់នៅប្រទេសប៉ាពួនូវ៉ែលហ្គីណេ បានបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ពួកគេដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងបំណាក់ដីដ៏ធំមួយ ដែលបានវាយប្រហារលើភូមិដាច់ស្រយាលមួយក្នុងខេត្ត អែនហ្កា (Enga) នៅតំបន់ភាគខាងជើងនៃប្រទេសប៉ាស៊ីហ្វិកមួយនេះ។
នាយកប្រចាំប្រទេសនៃអង្គការ ឃែរ (CARE) អន្តរជាតិរបស់ប៉ាពួនូវ៉ែលហ្គីណេ លោកស្រី ចាស្ទីន មែកម៉ាហូន (Justine McMahon) បានប្រាប់ទូរទស្សន៍ ABC នៅថ្ងៃចន្ទ នេះថា ស្ថានភាពដ៏គ្រោះថ្នាក់ និងសណ្ឋានដីមិនស្ថិតស្ថេរ កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយមនុស្សប្រមាណ ៤.០០០ នាក់បានរស់នៅក្បែរតំបន់រងផលប៉ះពាល់នោះ។
ក្រុមសង្គ្រោះបន្ទាន់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងសង្រ្គោះ ប៉ុន្តែឧបករណ៍ធុនធ្ងន់ដែលត្រូវការសម្រាប់ការប្រតិបត្តិការមិនទាន់ទៅដល់ភូមិនៅឡើយទេ ដោយសារផ្លូវធំៗនៅតែត្រូវបានកាត់ផ្តាច់ ហើយការចេញចូលតំបន់កើតហេតុបានតែតាមរយៈឧទ្ធម្ភាគចក្រប៉ុណ្ណោះ៕