
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលធ្វើដំណើរទៅក្រៅប្រទេសជាលើកទី៣ ចាប់តាំងពីលោកជាប់ឆ្នោតឡើងវិញ ក្នុងខែមីនា បានទៅដល់អតីតប្រទេសសហភាពសូវៀត គឺអ៊ូសបេគីស្ថាន កាលពីថ្ងៃអាទិត្យ (ទី២៦ ខែឧសភា) ហើយបានជួបជាមួយសមភាគីរបស់លោក គឺលោក Shavkat Mirziyoyev មុនពេលចាប់ផ្តើមកិច្ចពិភាក្សាផ្លូវការ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា លោក Mirziyoyev បានជួបជាមួយលោក Putin នៅពេលដែលមេដឹកនាំរុស្ស៊ីទៅដល់រដ្ឋធានី Tashkent នាពេលល្ងាច ហើយមេដឹកនាំទាំង២ បានធ្វើដំណើរជាមួយគ្នាក្នុងរថយន្តតែមួយ។
រូបថត និងវីដេអូដែលបានបង្ហោះនៅលើគេហទំព័រវិមានក្រឹមឡាំង និងដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានបង្ហាញថា លោក Putin បានទៅទស្សនាឧទ្យាន New Uzbekistan នៅទីក្រុង Tashkent និងដាក់កម្រងផ្កា នៅវិមានឯករាជ្យរបស់ប្រទេសអ៊ូសបេគីស្ថាន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន បានប្រាប់ទូរទស្សន៍រុស្ស៊ីថា រុស្ស៊ីបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការទូលំទូលាយលើការផ្គត់ផ្គង់ឧស្ម័នជាមួយអ៊ូសបេគីស្ថាន ដោយនិយាយថា «លទ្ធភាពនៅទីនេះ គឺទូលំទូលាយណាស់»។
គួរបញ្ជាក់ថា លោក Putin បានធ្វើទស្សនកិច្ចបន្តបន្ទាប់គ្នា នៅប្រទេសចិន និងបេឡារុស ចាប់តាំងពីទទួលបានតំណែងប្រធានាធិបតីម្ដងទៀត ជាមួយនឹងជ័យជម្នះ ក្នុងសំឡេងដ៏ច្រើនលើសលប់។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានធ្វើដំណើរទៅក្រៅប្រទេសត្រឹមតែម្ដងម្កាលប៉ុណ្ណោះ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕