គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលទើបបញ្ចប់ម្សិលមិញបានប្រព្រឹត្តទៅដោយត្រឹមត្រូវ និងគោរពតាមនីតិវិធីនៃច្បាប់។
ស្របពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ បានបញ្ចប់ទៅប្រកបដោយរលូន និងជោគជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានគណបក្សនយោបាយដែលបានចូលរួមការបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត បានបង្ហាញការពេញចិត្តចំពោះដំណើរការរៀបចំក្នុងដំណើរការទាំងមូលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់ BTV ឱ្យដឹងថា ក្នុងនាមគណបក្ស នយោបាយដែលចូលរួមប្រកួតប្រជែងមួយក្នុងចំណោំគណបក្សនយោបាយទាំង៥ ឃើញថា ការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងប្រព្រឹត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោត។ លោកបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិពេញចិត្តចំពោះលទ្ធផលបឋមដែលប្រកាសដោយ គ.ជ.ប និងត្រៀមខ្លួនឱ្យសមាជិកក្រុមប្រឹក្សារបស់លោកចូលរួមបំពេញតួនាទី និងភារកិច្ចជាមួយសមាជិកក្រុមប្រឹក្សាមកពីគណបក្សនយោបាយនានា។
ជាមួយគ្នា លោកស្រី ស៊ុន សុវណ្ណារី អ្នកសង្កេតការណ៍មកពីស្ថាប័នយុវជនស្រឡាញ់សន្តិភាព លើកឡើងថា ការបោះឆ្នោត កាលពីម្សិលមិញនេះ សង្កេតឃើញដំណើរការយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ដោយបានគោរពតួនាទី និងភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួន។
ជាការកត់សម្គាល់ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤កាលពីម្សិលមិញនេះ ក្រោមការរៀបចំរបស់ គជប និងព្រមទាំងក្រោមកិច្ចសហការរបស់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសអ្នកបោះឆ្នោតបានធ្វើឱ្យដំណើរការទាំងមូលមានភាពរលូន ត្រឹមត្រូវ រក្សាបានសណ្តាប់ធ្នាប់ល្អ និងស្ងប់ស្ងាត់ដោយមិនមានបាតុភាពអ្វីកើតឡើងនោះទេ។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤នេះ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងមានចំនួន៥គណបក្សនយោបាយ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ខណៈលទ្ធផលបណ្តោះអាសន្នទាក់ទងនឹងលទ្ធផលនេះ គ.ជ.ប នឹងប្រកាសក្នុងពេលឆាប់ៗខាងមុខ៕អត្ថបទ សេក ឧត្តម





