កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត, លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកាបាទក្រហម, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនកម្មករកម្មការនីភ្លាម ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាបណ្តាលអោយកម្មករកម្មការនី៦៤នាក់រងរបួស។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងកម្មករកម្មការនីគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបណ្តាលអោយកម្មករកម្មការនីរងរបួសធ្ងន់ស្រាលរហូតដល់៦៤នាក់នេះ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការរងគ្រោះក្តី តែក៏អាចជួយសម្រាលទុក្ខលំបាកដល់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងកម្មករកម្មការនីគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោក ឈួន ចាន់ណា ប្រធានអនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យអោយដឹងថា៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង៦និង១៥ នៅចំណុចគីឡូម៉ែត្រលេខ៤៨-៤៩ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានរថយន្តដឹកកម្មករកម្មការិនី បានបុកគ្នាជាមួយរថយន្តដឹកកម្មករដូចគ្នា ។ ក្នុងហេតុការណ៍នោះមានកម្មករកម្មការនីរងរបួសស្រាលចំនួន៦២នាក់ និងរបួសធ្ងន់ចំនួន២នាក់ និងបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងមន្ទីរសំរាកព្យាបាល តែ វណ្ណា ដោយឡែកអ្នករងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ។ ចំណែករថយន្តបង្កហេតុ និងរថយន្តរងគ្រោះ បានយកមករក្សាទុកនៅអធិការដ្ឋានស្រុកសាមគ្គីមានជ័យ ៕ ដោយ ៖ កាំង ហុងវាស្នា













