
ប្រទេសអេស្ប៉ាញគ្រោងនឹងបញ្ជូនមីស៊ីល Patriot និងរថក្រោះ Leopard ទៅកាន់អ៊ុយក្រែន ជាផ្នែកនៃកញ្ចប់ជំនួយអាវុធតម្លៃ ១,១៣ពាន់លានអឺរ៉ូ (១,២៣ពាន់លានដុល្លារ) ដែលបានប្រកាសកាលពីខែមុន។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន El Pais នាថ្ងៃចន្ទ (ទី២៧ ខែឧសភា) នេះ ដោយដកស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណដែលស្និទ្ធនឹងប្រតិបត្តិការនេះ។
សារព័ត៌មាននេះបានឲ្យដឹងថា អេស្ប៉ាញនឹងប្រគល់ឲ្យអ៊ុយក្រែននូវមីស៊ីលប្រឆាំងយន្តហោះ Patriot សំខាន់ៗចំនួន ១១ដើម និងរថក្រោះមួយទឹកប្រភេទ Leopard 2A4 ដែលផលិតនៅអាល្លឺម៉ង់ចំនួន ១៩គ្រឿង ហើយនិងអាវុធផលិតដោយអេស្ប៉ាញផ្សេងទៀត ដូចជាឧបករណ៍ប្រឆាំងយានដ្រូន និងគ្រាប់រំសេវជាដើម។
សារព័ត៌មាននេះបានឲ្យដឹងទៀតថា ការប្តេជ្ញាផ្តល់អាវុធថ្មី នឹងត្រូវបានប្រកាសអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ទៅកាន់ទីក្រុងម៉ាឌ្រីដ នៅថ្ងៃចន្ទនេះ ជាកន្លែងដែលលោកនឹងជួបជាមួយនាយករដ្ឋមន្រ្តី លោក Pedro Sanchez និងព្រះមហាក្សត្រ Felipe។
តម្លៃនៃកញ្ចប់ជំនួយនេះត្រូវបានរដ្ឋាភិបាលអនុម័ត កាលពីខែមុន ទោះបីជាមិនបានបញ្ជាក់ថា អាវុធប្រភេទណាត្រូវបានរួមបញ្ចូលក៏ដោយ។ អ្នកនាំពាក្យរបស់លោក Sanchez បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះឡើយ ពាក់ព័ន្ធនឹងរបាយការណ៍ពីសារព័ត៌មាន El Pais នេះ៕