
អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ នៅថ្ងៃចន្ទ (ទី២៧ ខែឧសភា) នេះ បានឲ្យដឹងថា រុស្ស៊ីបានអញ្ជើញក្រុមតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន ឲ្យទៅចូលរួមវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន ខណៈដែលទីក្រុងមូស្គូ ចាត់វិធានការ ដើម្បីលុបចោលបម្រាមលើចលនាអ៊ីស្លាម។
ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាច នៅខែសីហា ឆ្នាំ២០២១ នៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក បានដកខ្លួនចេញបន្ទាប់ពីសង្គ្រាមរយៈពេល ២០ឆ្នាំ ប្រទេសរុស្ស៊ីបាន និងកំពុងកសាងទំនាក់ទំនងយឺតៗជាមួយពួកតាលីបង់ ទោះបីជាចលនានេះនៅតែក្រុមមិនស្របច្បាប់ ក្នុងប្រទេសរុស្ស៊ីក៏ដោយ។
ប្រធាននាយកដ្ឋានកិច្ចការអាស៊ីទី២ នៅឯក្រសួងការបរទេសរុស្ស៊ី គឺលោកលោក Zamir Kabulov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ថា ក្រសួងការបរទេស និងយុត្តិធម៌របស់រុស្ស៊ី បានរាយការណ៍ទៅប្រធានាធិបតីលោក Vladimir Putin អំពីបញ្ហានៃការដកបម្រាមនេះ។
ទោះបីជាលោក Kabulov បាននិយាយថា ការអញ្ជើញឲ្យចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg ថ្ងៃទី ៥-៨ ខែមិថុនា ត្រូវបានពង្រីករហូតដល់ក្រុមតាលីបង់ក៏ដោយ ក៏លោកទទួលស្គាល់ថា ចម្ងល់មួយចំនួននៅតែមានដដែល។ លោកបាននិយាយថា មេដឹកនាំអាហ្វហ្គានីស្ថានមានចំណាប់អារម្មណ៍ជាប្រពៃណី ក្នុងការទិញផលិតផលប្រេង។
គួរបញ្ជាក់ថា វេទិកា St Petersburg ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍នាយកប្រតិបត្តិលោកខាងលិច និងធនាគារវិនិយោគមកពីទីក្រុងឡុងដ្រ៍ និងញូវយ៉ក បានផ្លាស់ប្តូរយ៉ាងខ្លាំង ចំពេលមានសង្រ្គាមអ៊ុយក្រែន ដែលបានបង្កឲ្យមានវិបត្តិដ៏ធំបំផុតនៅក្នុងទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២៕