ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រី ការកសាងស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី។
នេះបើតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកគុណភាពបេតុង និងការងារពិសោធន៍សម្ភារៈសំណង់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។
តាមរយៈសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថានឹងទទួលបានធាតុចូលបន្ថែមទៀតដែលអាចជួយជំរុញការអភិវឌ្ឍន៍លើវិស័យសំណង់ ឱ្យកាន់តែមានភាពជឿជាក់ដល់អ្នកវិនិយោគ និងអ្នកប្រើប្រាស់សំណង់ ដោយផ្អែកលើការអនុវត្តតាមច្បាប់សំណង់ បទដ្ឋានគតិយុត្តិនានា និងការអនុវត្តការពិសោធន៍សម្រាប់បញ្ជាក់គុណភាព និងសុវត្ថិភាពសម្ភារៈសំណង់ បរិក្ខារសំណង់និងផលិតផលសំណង់ តាមរយៈការចាប់ដៃគ្នាលើកកម្ពស់ការពិសោធន៍និងការសិក្សាស្រាវជ្រាវ ។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ជាសិក្ខាសាលាលើកទី២ហើយ ដែលមន្ទីរពិសោធន៍ជាតិសំណង់ បានរៀបចំក្នុងគោលបំណងបង្ហាញនូវការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពិសោធន៍ជាតិសំណង់ បច្ចេកទេសពិសោធន៍ និងការគ្រប់គ្រងសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់
សិក្ខាសាលា បានលើកយកប្រធានបទចំនួន៣ មកបង្ហាញរួមមាន ១. ឧបករណ៍ពិសោធន៍និងបច្ចេកទេសពិសោធន៍ ដោយបង្ហាញពីឧបករណ៍ពិសោធន៍ទំនើបៗរបស់ជប៉ុនដែលទើបតែដំឡើងរួចរាល់នៅក្នុងខែមេសាកន្លងទៅនេះ, ២. ការលើកកម្ពស់គុណភាពបេតុងដោយបង្ហាញពីវិធីគ្រប់គ្រងបេតុង បច្ចេកទេសផលិតបេតុង និងការថែទាំបេតុង មន្ទីរពិសោធន៍ជាតិសំណង់ ក៏បានព្រាងសៀវភៅណែនាំបច្ចេកទេសលើកកម្ពស់គុណភាពបេតុងដែលគ្រោងនឹងដាក់ប្រជុំពិភាក្សាគ្នាក្នុងឆ្នាំ ២០២៤ និង៣. បច្ចេកទេសជណ្ដើរយន្តដែលរៀបចំបង្ហាញដោយក្រុមហ៊ុនKoyo ពីលក្ខណៈបច្ចេកទេសនៃការដំឡើង ការប្រើប្រាស់ ការត្រួតពិនិត្យនិងការថែទាំ ៕ ដោយ ៖ បាន សុខរិទ្ធិ











