
ព្យុះទីហ្វុងទី១ ដែលបានវាយប្រហារប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២៤ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ ដោយមានកម្លាំងកាន់ខ្លាំងឡើងបន្ថែមទៀត នៅពេលបក់បោកតម្រង់ឆ្ពោះទៅប្រទេសជប៉ុន។
សារព័ត៌មាន Philippine Daily Inquirer បានរាយការណ៍ថា ទារកអាយុ ៧ខែម្នាក់ និងមនុស្ស ២នាក់ផ្សេងទៀត បានបាត់បង់ជីវិត កាលពីថ្ងៃអាទិត្យ (ទី២៦ ខែឧសភា) បន្ទាប់ពីពួកគេត្រូវបានដើមឈើរលំត្រូវ នៅក្នុងខេត្ត Quezon ក្បែររដ្ឋធានីម៉ានីល។
យោងតាមនាយកដ្ឋានថាមពលបានឲ្យដឹងថា ព្យុះទីហ្វុងឈ្មោះ Ewiniar ដែលគេស្គាល់តាមការហៅក្នុងតំបន់ថា Aghon ក៏បានធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ផងដែរ ខណៈដែលកម្លាំងខ្យល់បក់ដ៏ខ្លាំង បានបំផ្លាញខ្សែភ្លើង និងធ្វើឲ្យបិទរោងចក្រចំនួន៩ បន្ថែមលើរោងចក្រចំនួន ១២ ដែលមិនអាចដំណើរការ មុនពេលមានព្យុះនេះ។ ការដាច់ចរន្តអគ្គិសនីដោយបង្ខំនេះ បានកាត់បន្ថយសមត្ថភាពផ្គត់ផ្គង់ថាមពលជិត ៤.៣០០មេហ្គាវ៉ាត់។
ការិយាល័យអាកាសធាតុក្នុងតំបន់ បានប្រាប់ថា ដោយមានកម្លាំងខ្យល់ប់ខ្លាំងបំផុត ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះទីហ្វុង Ewiniar ត្រូវបានគេព្យាករថា នឹងវាយប្រហារខេត្តភាគខាងជើង Cagayan និង Batanes ត្រឹមថ្ងៃទី២៨ ខែឧសភា មុនពេលបក់បោកចាកចេញពីពីដែនទឹកហ្វីលីពីន នៅព្រឹកថ្ងៃទី៣០ ខែឧសភា។
បើយោងតាមក្រុមអ្នកសិក្សាបាតុភូតធម្មជាតិទីក្រុងហុងកុង បានឲ្យដឹងថា ព្យុះនេះត្រូវបានគេព្យាការថា នឹងផ្លាស់ទីឆ្ពោះទៅភាគខាងត្បូងប្រទេសជប៉ុន។ គួបញ្ជាក់ថា ហ្វីលីពីនមានព្យុះស៊ីក្លូនត្រូពិចជាមធ្យមចំនួន ២០ ក្នុងមួយឆ្នាំ ដែលធ្វើឲ្យក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតលើពិភពលោក៕