
ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទ (ទី២៧ ខែឧសភា) នេះ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា លែងជារឿងដោះសាសមហេតុផលទៀតហើយ ដោយនេះជាការលើកឡើងនៅក្នុងការរិះគន់មួយ ក្នុងចំណោមការរិះគន់ខ្លាំងបំផុត ដែលទីក្រុងរ៉ូមបានធ្វើប្រឆាំងនឹងយុទ្ធនាការរបស់អ៊ីស្រាអែល រហូតមកដល់ពេលនេះ។
រដ្ឋមន្ត្រីការពារជាតិលោក Guido Crosetto បានប្រាប់ទូរទស្សន៍ SkyTG24 ថា៖ «មានកាន់តែខ្លាំងឡើងៗ សម្រាប់ស្ថានភាពលំបាក ដែលប្រជាជនប៉ាឡេស្ទីនកំពុងត្រូវបានគាបសង្កត់ ដោយមិនគិតពីសិទ្ធិរបស់បុរស ស្ត្រី និងកុមារស្លូតត្រង់ ដែលមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមហាម៉ាស ហើយរឿងនេះលែងជាការដោះសាសមហេតុផលទៀតហើយ។ យើងកំពុងឈរមើលស្ថានភាពដោយអស់សង្ឃឹម»។
គួរបញ្ជាក់ថា ការវាយប្រហារផ្លូវអាកាសចុងក្រោយរបស់អ៊ីស្រាអែល នៅទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប បានបណ្ដាលឲ្យប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៣៥នាក់ ស្លាប់ និងរាប់សិបនាក់រងរបួស។ តែអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះគឺសំដៅទៅលើបរិវេណរបស់ក្រុមហាម៉ាស ទោះបីជារដ្ឋអាជ្ញាយោធាជាន់ខ្ពស់របស់ខ្លួនបានហៅការវាយប្រហារនេះថា «ធ្ងន់ធ្ងរខ្លាំងណាស់» ហើយបាននិយាយថា កងទ័ពមានការសោកស្តាយ ចំពោះការខូចខាតណាមួយ ចំពោះអ្នក ដែលមិនជាសមាជិករបស់ក្រុមប្រយុទ្ធ។
លោក Crosetto បាននិយាយថា ប្រទេសអ៊ីតាលីបានយល់ព្រមជាគោលការណ៍ជាមួយនឹងការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសលើសហគមន៍អ៊ីស្រាអែលភាគខាងត្បូង ប៉ុន្តែលោកបានបន្ថែមថា ប្រតិបត្តិការរត្រូវតែធ្វើឡើងក្នុងភាពដាច់ដោយឡែកខុសគ្នា រវាងក្រុមអ៊ីស្លាម និងប្រជាជនប៉ាឡេស្ទីន៕