រដ្ឋជាសមាជិកនៃអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ បានសម្រេច មិនអញ្ជើញកោះតៃវ៉ាន់ ឱ្យចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់ស្ថាប័ននេះ នៅទីក្រុងហ្សឺណែវ ប្រទេស្វីសនោះទេ បន្ទាប់ពីប្រទេសចិន បានអំពាវនាវឱ្យកោះនេះស្ថិតនៅខាងក្រៅ។

កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់របស់ប្រទេសចិន ដែលចាត់ទុកកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ជាដែនដីរបស់ខ្លួន។ កោះតៃវ៉ាន់បានចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោក(WHA)របស់អង្គការសុខភាពពិភពលោក(WHO) ជាអ្នកសង្កេតការណ៍កាលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ ក្រោមរដ្ឋបាលរបស់មេដឹកនាំលោក ម៉ា អ៊ីងចូវ(Ma Ying-jeou) ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទេសចរណ៍សំខាន់ៗជាមួយប្រទេសចិន។

ប៉ុន្តែទីក្រុងប៉េកាំង បានចាប់ផ្តើមរារាំងការចូលរួមរបស់កោះតៃវ៉ាន់នៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំលោកស្រី សៃ អ៊ីងវ៉េន(Tsai Ing-wen) បានចូលកាន់តំណែង សម្រាប់ការបដិសេធរបស់លោកស្រី ក្នុងការព្រមព្រៀងចំពោះជំហររបស់ប្រទេសចិន ដែលអះអាងថា ទាំងចិន និងកោះតៃវ៉ាន់ គឺជាផ្នែករបស់ «ចិនតែមួយ»។
លោក Chen Xu អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បាននិយាយថា ពុំមានមូលដ្ឋាននយោបាយសម្រាប់កោះតៃវ៉ាន់ ក្នុងការចូលរួមក្នុងសមហាសន្និបាតសុខភាពពិភពលោក(WHA)នោះទេ ហើយបានចោទប្រកាន់មន្ត្រីកោះតៃវ៉ាន់ថា មានចេតនាធ្វើនយោបាយលើបញ្ហាសុខភាព។
លោកនិយាយថា គេហៅថាគម្លាត នៅក្នុងប្រព័ន្ធការពារជំងឺរាតត្បាតសកលគឺពុំសមហេតុសមផលសុទ្ធសាធ ដោយនិយាយសំដៅលើការអំពាវនាវរបស់កោះតៃវ៉ាន់ និងសម្ព័ន្ធមិត្តឱ្យដាក់បញ្ចូលកោះនេះ ដើម្បីការពារជំងឺរាតត្បាតឱ្យកាន់តែប្រសើរ។ មុនពេលការធ្វើសេចក្តីសម្រេចនេះ អាជ្ញាធរសុខាភិបាលកោះតៃវ៉ាន់ លោក Chiu Tai-yuan បាននិយាយថា អវត្តមានរបស់កោះតៃវ៉ាន់ ពីសន្និបាត កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងការពារជំងឺរាតត្បាត។