ក្រុមហាម៉ាស បានជូនដំណឹងដល់ក្រុមអ្នកសម្រុះសម្រួលថា ខ្លួននឹងមិនចូលរួមក្នុងការចរចាណាមួយសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ឬកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសនោះទេ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហ្វា (Rafah) ចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា កាលពីយប់ថ្ងៃអាទិត្យ (២៦ ឧសភា) នេះបើយាងតាមប្រភពមួយនៅក្នុងក្រុមនេះបាននិយាយកាលពីថ្ងៃចន្ទ (២៧ ឧសភា)។

ប្រភពនោះបានប្រាប់សារព័ត៌មានស៊ីនហួរ ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកំណត់គោលដៅរបស់កងទ័ពអ៊ីស្រាអែល លើជំរំតង់លំនៅដ្ឋានជនស៊ីវិលភៀសខ្លួននៅភាគពាយព្យនៃទីក្រុងរ៉ាហ្វា ដោយបានធ្វើឱ្យមានអ្នកស្លាប់ និងរបួសរាប់សិបនាក់។ ប្រភពក៏បាននិយាយផងដែរថា ថ្នាក់ដឹកនាំក្រុមហាម៉ាស មិនបានទទួលការជូនដំណឹងជាផ្លូវការណាមួយពីអ្នកសម្រុះសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប ឬកាតា ទាក់ទងនឹងការបន្តការចរចារឡើងវិញនោះទេ។

អាជ្ញាធរសុខាភិបាលរបស់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤៥ នាក់ រួមទាំងកុមារ និងស្ត្រីត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរំតង់សម្រាប់ជនភៀសខ្លួននៅជិតទីក្រុង រ៉ាហ្វា ដោយនោះបានបង្កឱ្យមានការរិះគន់ពីបណ្ដាមេដឹកនាំពិភពលោក ដែលបានជំរុញឱ្យមានការអនុវត្តដីការបស់តុលាការពិភពលោកដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក អូសាម៉ា ហាមដាន (Osama Hamdan) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងបេរូត កាលពីថ្ងៃចន្ទថា អ៊ីស្រាអែល នឹងមិនទទួលបានចំណាប់ថ្នូរនោះទេ «លើកលែងតែយោងទៅតាមលក្ខខណ្ឌរបស់យើងសម្រាប់ការឈានដល់កិច្ចព្រមព្រៀង រួមទាំងបទឈប់បាញ់ជាអចិន្ត្រៃយ៍»៕