អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានជំរុញឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ស៊ើបអង្កេតជាឧក្រិដ្ឋកម្មសង្គ្រាម កាលពីពេលថ្មីៗនេះរបស់អ៊ីស្រាអែលចំនួន៣លើកដែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន ៤៥នាក់រួមទាំងកុមារ៣២ នាក់។

កាលពីសប្តាហ៍មុន រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិលោក ការីម ខាន់ (Karim Khan)បានដាក់បណ្ដឹងសុំដីកាចាប់ខ្លួន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងមេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាសពីបទសង្ស័យប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

អង្គការលើកលែងទោសបាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលចំនួន៣លើក លើកមួយលើជំរំជនភៀសខ្លួន អាល់ ម៉ាហ្គាហ្ស៊ី (al-Maghazi) នៅកណ្ដាលដែនដីហ្កាហ្សា កាលថ្ងៃទី១៦ខែមេសា លើកពីរនៅលើក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា និងលើកទី៣ នៅថ្ងៃទី ១៩ និង ២០ ខែមេសា គឺជា ភស្តុតាងបន្ថែមទៀតនៃគំរូកាន់តែទូលំទូលាយនៃឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយ យោធាអ៊ីស្រាអែលនៅក្នុងដែនដីហែកហួរដោយសង្រ្គាមហ្កាហ្សា។

លោកស្រីអេរីកា គ្វេវ៉ារ៉ា រ៉ូសាស់ (Erika Guevara-Rosas) នាយកជាន់ខ្ពស់អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា ករណីដែលបានចងក្រងនៅទីនេះបង្ហាញពីគំរូច្បាស់លាស់នៃការវាយប្រហារក្នុងរយៈពេល៧ខែកន្លងមកនេះ ដែលយោធាអ៊ីស្រាអែលបានបំពានច្បាប់អន្តរជាតិ ដោយបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន ដោយនិទណ្ឌភាពទាំងស្រុង និងបង្ហាញពីការមិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវិតមនុស្ស៕