ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅក្នុងទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃចន្ទទី២៧ឧសភា ដើម្បីតវ៉ាប្រឆាំងទៅនឹងការលុកលុយរបស់យោធាអ៊ីស្រាអែល ក្នុងដែនដីហ្កាហ្សា ។

កងកម្លាំងនគរបាល បានព្យាយាមបំបែកក្រុមបាតុករដោយប្រើឧស្ម័នបង្ហៀរទឹកភ្នែក ។ ការតវ៉ាថ្មីនេះបានកក្រើកឡើងវិញ ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួនក្នុងទីក្រុងរ៉ាហ្វា សម្លាប់មនុស្ស៤៥នាក់ រួមទាំងកុមារជាង៣០នាក់។
ក្រុមអ្នកតវ៉ា បានប្រមូលផ្ដុំគ្នានៅជិតតំបន់សេន អឹហ្គាស្ទីន (Saint Augustin) ក្នុងស្រុកទី៨ របស់រដ្ឋធានីប៉ារីស នៅមិនឆ្ងាយប៉ុន្មានពីស្ថានទូតអ៊ីស្រាអែលប្រចាំក្នុងប្រទេសបារាំង ក្រោយមក បានដើរជាក្បួនទៅកាន់ទីលានចតុរង្គអូប៉េរ៉ា ហើយក្រោយមកទៀត បានដើរសំដៅទៅកាន់ស្រុកម៉ុងម៉ាតេ (Montmarte)ជាទីដែលក្រុមតវ៉ាទាំងនោះ នៅតែបន្តសកម្មភាពគិតត្រឹមម៉ោង១១យប់ម៉ោងក្នុងប្រទេសបារាំង។

កាលពីអំឡុងដើមខែនេះ ការតវ៉ាជាច្រើនបានផ្ទុះឡើងនៅតាមសាកលវិទ្យាល័យរបស់ប្រទេសថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងការបិទខ្ទប់មិនឲ្យនាំជំនួយមនុស្សធម៌ចូលក្នុងដែនដីហ្កាហ្សា។ ក្រុមនិស្សិតបានទាមទារសាកលវិទ្យា Sciences Po កាត់ផ្ដាច់ទំនាក់ទំនងការងារ ជាមួយអ៊ីស្រាអែល៕