វិមានក្រឹមឡាំង បានស្តីបន្ទោសអគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃច័ន្ទ (២៧ ឧសភា) ចំពោះការផ្ដល់អនុសាសន៍ថាសមាជិកនៃសម្ព័ន្ធយោធានេះគួរតែអនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធរបស់លោកខាងលិច ហើយបាននិយាយថា នេះបង្ហាញច្បាស់ណាស់ថាអង្គការណាតូ កំពុងប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។

លោក ស្តុលថិនប៊ឺក បានប្រាប់សារព័ត៌មាន ដឹ អ៊ីខូណូមីស (The Economist) ថា សមាជិកណាតូ ដែលផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន គួរតែបញ្ចប់ការហាមឃាត់របស់ពួកគេលើការប្រើប្រាស់អាវុធទាំងនោះដើម្បីវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្គូវ (Dmitry Peskov) បានប្រាប់សារព័ត៌មាន អ៊ីសវេស្ទៀ (Izvestia) របស់រុស្ស៊ី ថា «អង្គការណាតូ កំពុងបង្កើនកម្រិតនៃការកើនឡើងជម្លោះ»។

នៅពេលត្រូវសាកសួរថាតើ សម្ព័ន្ធយោធាណាតូ កំពុងខិតជិតការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ីដែរ ឬទេ លោក ផេស្គូវ ឆ្លើយថា «ពេលនេះពួកគេស្ថិតនៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ហើយ»។ ក្រុមមន្ត្រីរុស្ស៊ីនិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី រួមទាំងតំបន់ជនស៊ីវិល និងផ្នែកខ្លះនៃការការពារនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាកំណើននៃជម្លោះដោយផ្ទាល់។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ខ្លួនកំពុងប្រថុយនឹងការបង្កឱ្យមានសង្រ្គាមសកលលោក ជុំវិញបញ្ហាអ៊ុយក្រែន ហើយថាជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ នឹងមានន័យថា ភពផែនដីនៅមិនឆ្ងាយពីសង្គ្រាមលោកលើកទី៣ នោះទេ»៕