ប្រទេសប៉ាពួនូវ៉ែលហ្គីណេ កំពុងជម្លៀសមនុស្សប្រមាណ ៧.៩០០ នាក់ ដែលរស់នៅក្បែរកន្លែងបំណាក់ដីដ៏មហន្តរាយមួយ នេះបើតាមមន្ត្រីជាន់ខ្ពស់ខេត្តមួយរូបបាននិយាយនៅថ្ងៃអង្គារ (២៨ ឧសភា) នេះ ខណៈដែលការភ័យខ្លាចកើនឡើងកាន់តែខ្លាំងថាអាចនឹងមានបំណាក់ដីបន្ថែមទៀត។

ប្រធានរដ្ឋបាលខេត្ត អែនហ្កា (Enga) លោក សានឌីស សាខា (Sandis Tsaka) បានប្រាប់សារព័ត៌មាន AFP ថា «រៀងរាល់ម៉ោង សំឡេងផ្ទុះ និងរង្គើ ដូចជាគ្រាប់បែក ឬគ្រាប់កាំភ្លើងបានលាន់លឺឡើង ហើយថ្មនៅតែបន្តធ្លាក់ចុះមកក្រោមពីលើតំបន់ភ្នំ»។
សហគមន៍ដែលរស់នៅលើភ្នំក្នុងខេត្ត អែនហ្កា ស្ទើរតែត្រូវបានកប់នៅក្រោមបំណាក់ដីនៅពេលដែលបំណែកនៃភ្នំ ម៉ុនហ្កាឡូ (Mungalo) បានបាក់ចុះមកក្រោមកាលពីព្រឹកព្រលឹមថ្ងៃសុក្រ (២៤ ឧសភា) សប្ដាហ៍មុន ដោយបានបំផ្លាញលំនៅឋានជាច្រើនខ្នង និងកប់មនុស្សដែលកំពុងដេកលង់លក់នៅខាងក្នុង។
មជ្ឈមណ្ឌលគ្រោះមហន្តរាយជាតិរបស់ប៉ាពួនូវ៉ែលហ្គីណេ បារម្ភថាមនុស្សជាង ២.០០០ នាក់ត្រូវបានកប់ស្លាប់ ប៉ុន្តែមានតែសាកសពចំនួន ៦ និងជើងសាកសពទី៦ ប៉ុណ្ណោះ ដែលត្រូវបានទាញចេញពីគំនរបាក់បែក។

កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះត្រូវបានពន្យារពេលដោយសារភាពដាច់ស្រយាលនៃទីតាំងបំណាក់ដីក្នុងតំបន់ខ្ពង់រាបដ៏រដិបរដុបរបស់ប្រទេសមួយនេះ ក៏ដូចជាការកាត់ផ្តាច់ផ្លូវ និងការប្រយុទ្ធនៃកុលសម្ព័ន្ធនៅក្បែរនោះ៕