សមយុទ្ធនាគមាសលើកទី៦ ដែលមានឈ្មោះថា«នាគមាស»រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើការបិទបញ្ចប់នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ខណៈសមយុទ្ធដែលបាន ប្រព្រឹត្តទៅអស់រយៈពេល២សប្តាហ៍កន្លងមកនេះ គឺបានផ្លាស់ប្តូរបទពិសោធន៍គ្នាកាន់តែល្អប្រសើរបន្ថែម ទៀត លើប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមគ្នា និងសង្រ្គោះមនុស្សធម៌ជាដើម។
សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ គឺបានធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធ នេះនឹងធ្វើពិធីបិទជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភាខាងមុខនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង មេបញ្ជាការរង និងជានាយទាហានសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យនៃការហាត់សមសម្រាប់ត្រៀមធ្វើកម្មវិធីបិទនាថ្ងៃទី២៨ នេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ បានលើកឡើងថាសមយុទ្ធ«នាគមាស»លើកទី៦ ឆ្នាំ២០២៤នេះ គឺបានប្រព្រឹត្តទៅមានលក្ខណៈជាទ្រង់ទ្រាយធំជាងឆ្នាំមុនៗទៅទៀត ទាំងកម្លាំងយោធា ឧទ្ធោបករណ៍ និងសម្ភារដែលបម្រើឲ្យការធ្វើសមយុទ្ធនេះ។
នាយឧត្តមសេនីយ៍បានបន្ថែមទៀតថាសមយុទ្ធនាគមាសនេះ ក្រៅពីប្រព្រឹត្តទៅក្រោមប្រធានបទប្រតិបត្តិការរួមប្រឆាំងភេរវកម្ម សង្រ្គោះមនុស្សធម៌ក៏មានការបាញ់គ្រាប់ពិតនូវអាវុធធន់ធ្ងន់ផងដែរ។ យ៉ាងណាក៏ដោយឯកឧត្តម នាយឧត្តមសេនីយ៍ឥត សារ៉ាត់ បានថ្លែងកោតសរសើរចំពោះការខិតខំរបស់កងទ័ពទាំងពីរ(កម្ពុជា និងចិន) ដែលបានខិតខំហ្វឹក ហាត់រួមគ្នានាពេលកន្លងមកនេះយ៉ាងសកម្មដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន។
សូមបញ្ជាក់ថា សមយុទ្ធនាគមាសលើកទី៦ ឆ្នាំ២០២៤នេះ គឺធ្វើបានឡើងតាមរយៈកិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក នៃការទប់ស្កាត់ និងបង្រ្កាប់អំពើភេរវកម្ម ការប្រឆាំងដ្រូនស៊ើបការរបស់សត្រូវ និងក៏ដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ពុំមែនធ្វើឡើងដើម្បីជាការគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ៕អត្ថបទ៖ បាន ចក់













