លោក ឈិន ស៊ូ (Chen Xu) តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងៗទៀតអង្គការអន្តរជាតិនៅប្រទេសស្វីស បាននិយាយថា ការបដិសេធរបស់មហាសន្និបាតសុខភាពពិភពលោក (WHA) លើកទី៧៧ នៃសំណើសុំចូលរួមក្នុងកិច្ចប្រជុំនេះរបស់កោះតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្ត និងជំហរដ៏រឹងមាំ ដែលមិនអាចប្រកែកបានរបស់សហគមន៍អន្តរជាតិចំពោះគោលការណ៍ចិនតែមួយ។

កាលពីថ្ងៃចន្ទ (២៧ ឧសភា) មហាសន្និបាតសុខភាពពិភពលោក WHA ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តមិនដាក់បញ្ចូលក្នុងរបៀបវារៈរបស់ខ្លួននូវសំណើស្តីពីការចូលរួមរបស់កោះតៃវ៉ាន់ នៅក្នុងសន្និបាតប្រចាំឆ្នាំក្នុងនាមជាអ្នកសង្កេតការណ៍។

លោក ឈិន បាននិយាយថា «មហាសន្និបាតសុខភាពពិភពលោក បានច្រានចោលសំណើដែលទាក់ទងនឹងកោះតៃវ៉ាន់ រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ដោយនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គោលការណ៍ចិនតែមួយ ដែលជាការឯកភាពទូទៅក្នុងចំណោមសហគមន៍អន្តរជាតិ មិនមានបញ្ហាប្រឈមអ្វីឡើយ»។
កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់របស់ចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថាជាទឹកដីរបស់ខ្លួន។ ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយនៅខែនេះថា វាជាកំហុសរបស់បក្សកាន់អំណាចតៃវ៉ាន់ ដែលកោះនេះមិនអាចចូលរួមសន្និបាត WHA បាន ដោយសារ «កង្វះមូលដ្ឋាននយោបាយ»៕
