អាជ្ញាធរហ្វីលីពីន បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧ នាក់ បានស្លាប់ដោយសារព្យុះត្រូពិច អេវីនែរ (Ewiniar) ដែលបានបោកបក់ប្រទេសនេះកាលពីចុងសប្តាហ៍ ហើយលោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃអង្គារ (២៨ ឧសភា) នេះថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កំពុងបន្ត។

ព្យុះ អេវីនែរ បាននាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តភាគខាងត្បូងនៃរដ្ឋធានី ដោយបានបិទព្រលានយន្តហោះ និងកំពង់ផែសមុទ្រ ព្រមទាំងរំខានដល់ការផ្គត់ផ្គង់ថាមពល។
ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសជប៉ុន នៅថ្ងៃអង្គារ នេះជាមួយនឹងកម្លាំងខ្យល់បក់មធ្យមរហូតដល់ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្រ្តាក់ក្នុងល្បឿនរហូតដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក ម៉ាកូស បាននិយាយនៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសប្រ៊ុយណេ ថា ព្យុះនេះបានប៉ះពាល់ដល់មនុស្សជិត ២៧.០០០ នាក់ និងបានរំខានដល់ប្រតិបត្តិការនៃអាកាសយានដ្ឋានចំនួន ៣ ទីតាំង និងកំពង់ផែសមុទ្រចំនួន ៩ កន្លែងកាលពីចុងសប្តាហ៍។
ព្យុះ អេវីនែរ គឺជាព្យុះត្រូពិចដំបូងគេដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជួបប្រទះខ្យល់ព្យុះជាមធ្យមចំនួន ២០ ដងក្នុងមួយឆ្នាំ ដែលជារឿយៗបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងបំណាក់ដី៕
