ភ្នំពេញ ៖ លោក មូល វិរៈ ចៅសង្កាត់ឬស្សីកែវ បានស្នើដល់ពលរដ្ឋទាំងអស់ទំនាក់ទំនងភូមិសង្កាត់ ដើម្បីទទួលបានឯកសារយកកូនៗ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ការលើកឡើងរបស់លោកចៅសង្កាត់ឬស្សីកែវយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ រួមនិងអាជ្ញាធរភូមិ សង្កាត់ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ នៅមណ្ឌលចាក់វ៉ាក់សាំងក្នុងមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងមណ្ឌលចាក់វ៉ាក់សាំង ក្នុងមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។
លោក មូល វិរៈ បានឲ្យដឹងទៀតថា ឯកសារដែលត្រូវយកមកបង្ហាញដល់អាជ្ញាធរមុនទទួលបានការចាក់វ៉ាក់សាំងពីក្រុមការងារគ្រូពេទ្យ មានដូចជាសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ (អាយុចាប់ពី១៥ ឆ្នាំឡើងទៅអាជ្ញាធរធ្វើអត្តសញ្ញាណប័ណ្ណជូន) ឬប៉ាស្ព័រ និងអមមកជាមួយលិខិតព្រមព្រៀងចាក់វ៉ាក់សាំងមួយបន្ថែមទៀត ដោយសារកូនៗជាអនីតិជន។ ដូច្នេះត្រូវមានលិខិតមួយបន្ថែមទៀត ដោយព្រមព្រៀងពីមាតា បិតា អាណាព្យាបាល។
លោក មូល វិរៈ បានបញ្ជាក់ទៀតថា ក្នុងយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ រយៈពេល១៤ថ្ងៃ សម្រាប់ដូសទី១ គឺអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ នឹងប្រឹងប្រែងឲ្យបានតាមផែនការ ព្រោះវាអនាគតរបស់កុមារ យុវវ័យ ដែលជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សរបស់ប្រទេសកម្ពុជា៕
អត្ថបទ រដ្ឋា



