មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ លោក Osama Hamdan បាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃចន្ទថា ការវាយប្រហារថ្មីៗលើទីក្រុង Rafah បង្ហាញពីការមិនគោរពរបស់អ៊ីស្រាអែល ចំពោះសេចក្តីសម្រេចរបស់តុលាការពិភពលោក។ លោក Hamdan និយាយថា ការអះអាងដែលធ្វើឡើងដោយអ៊ីស្រាអែលថាជនប្រដាប់អាវុធ មានវត្តមាននៅទីតាំងនៃការវាយប្រហារ កាលពីថ្ងៃអាទិត្យនៅទីក្រុង Rafah គឺជាការ «គួរឲ្យអៀនខ្មាស»។

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបង្កឱ្យមានអគ្គិភ័យឆាបឆេះសម្លាប់មនុស្សយ៉ាងហោចណាស់៤៥នាក់នៅក្នុងជំរំតង់មួយកន្លែងក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា បង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់មេដឹកនាំពិភពលោក ដែលបានជំរុញឱ្យមានការអនុវត្តសេចក្តីបង្គាប់របស់តុលាការពិភពលោក ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល។ យោធាអ៊ីស្រាអែល ដែលកំពុងព្យាយាមកម្ចាត់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍ដែលថា ការវាយប្រហារដែលធ្វើឡើងប្រឆាំងមេបញ្ជាការក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅទីក្រុងRafha បានបណ្តាលឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារនេះ ពុំមានគោលបំណងធ្វើឱ្យជនស៊ីវិលស្លាប់ ឬរងរបួសនោះទេ។ លោក Hamdan បានប្រាប់អ្នកសារព័ត៌មានថា ពុំមានផែនការសម្រាប់កិច្ចចរចាបទឈប់បាញ់នោះទេ ហើយការទាមទារកាលពីពេលរបស់ក្រុមលោកដើម្បីទទួលបានកិច្ចព្រមព្រៀង ដែលរួមមានបទឈប់បាញ់អចិន្ត្រៃយ៍ ក៏នៅតែមិនផ្លាស់ប្តូរ។
លោក Hamdan និយាយថា កាលណា លោក Netanyahu និងអ្នកគាំទ្ររបស់លោក ពន្យារពេលកាន់តែយូរ ចំណាប់ថ្នូររបស់ពួកគេកាន់តែច្រើននឹងបាត់បង់ជីវិត នៅក្នុងកណ្តាប់ដៃកងទ័ពសត្រូវ។ ការបន្តពន្យារពេល និងការវាយប្រហារតាមអាកាស មានន័យថាចំណាប់ថ្នូររបស់ពួកគេ ប្រហែលជាមិនអាចត្រឡប់ទៅវិញ ប៉ុន្តែសាកសព ក៏ប្រហែលជានឹងមិនបញ្ជូនត្រឡប់ទៅវិញដែរ។
