អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូរទី នៅប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមនេះបានបើកការវាយប្រហារលើនាវាចំនួនបីគ្រឿង នៅលើសមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា។

លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ូរទីថា ការវាយប្រហារលើកទីមួយ បានដាក់គោលដៅលើនាវាអាមេរិក Larego Desert នៅលើមហាសមុទ្រឥណ្ឌា លើកទីពីរបានកំណត់គោលដៅលើនាវារបស់អ៊ីស្រាអែល MSC Mechela នៅមហាសមុទ្រឥណ្ឌា ហើយលើកទីបី បានដាក់គោលដៅលើនាវា Minerva Lisa នៅលើសមុទ្រក្រហម។

លោក Sarea និយាយថា ក្រុមរបស់លោក ក៏បានបើកការវាយប្រហារដោយយានដ្រូនទៅលើ នាវាចម្បាំងអាមេរិកពីរគ្រឿង នៅលើសមុទ្រក្រហម ហើយការវាយប្រហារគឺត្រឹមត្រូវ ជាការប្តេជ្ញាបន្តការវាយប្រហារ រហូតដល់អ៊ីស្រាអែល បញ្ឈប់សង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប។ ពុំឃើញមានព័ត៌មានជាសាធារណៈសម្រាប់នាវាពីរគ្រឿងដំបូងឡើយ ប៉ុន្តែអង្គភាពឃ្លាំមើលចរាចរណ៍ផ្លូវសមុទ្រ បានបង្ហាញពីនាវាដឹកប្រេង Largo Desert ដោតទង់ជាតិប្រជុំកោះម៉ាសល(Marshall) កំពុងធ្វើដំណើរពីទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងទៅកាន់ទីក្រុង Beira ប្រទេសម៉ូហ្សាំប៊ីក មានសកម្មភាពនៅក្នុងតំបន់នោះ។ អង្គភាពតាមដានតាមប្រព័ន្ធអនឡាញ Marine Traffic បានបង្ហាញថា នាវា Minerva Lisa គឺជានាវាដឹកប្រេងឆៅ ស្ថិតនៅទីតាំងលើសមុទ្រក្រហម។ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រុមហ៊ូរទី បានអះអាងថា ពួកគេបានវាយប្រហារដោយមីស៊ីលប្រឆាំងនាវាអ៊ីស្រាអែល Essex នៅសមុទ្រមេឌីទែរ៉ាណេ។ ក្រុមឧទ្ទាមហ៊ូរទី បានចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូន ចាប់តាំងពីខែវិច្ឆិកា ដោយដាក់គោលដៅលើអ្វីដែលពួកគេបាននិយាយថា ជានាវាមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម ដែលការវាយប្រហារនេះគឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។ ក្នុងការឆ្លើយតប ក្រុមចម្រុះកងទ័ពជើងទឹកអាមេរិក-អង់គ្លេស ដែលមានមូលដ្ឋានក្នុងដែនទឹក ចាប់តាំងពីខែមករា បានធ្វើការវាយឆ្មក់តាមអាកាស និងវាយប្រហារដោយមីស៊ីល ទៅលើគោលដៅរបស់ក្រុមហ៊ូរទីនៅក្នុងប្រទេសយេម៉ែន ដើម្បីរារាំងក្រុមនេះ ប៉ុន្តែបានត្រឹមតែនាំទៅរកការពង្រីកការវាយប្រហារកាន់តែធំរបស់ក្រុមហ៊ូរទី រួមមានទាំងការវាយប្រហារលើនាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងអង់គ្លេស។