គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានប្រជុំបន្តដាក់ផែនការ ដល់មន្ត្រីក្រោមឱវាទជំនាញពាក់ព័ន្ធ ពង្រឹងនិងត្រួតពិនិត្យសន្តិសុខសុវត្ថិភាព ជាពិសេសក្រុមក្មេងទំនើង ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែម។
កិច្ចប្រជុំបានធ្វើឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោក ថេង សុថុល ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងមន្រ្តីពាក់ព័ន្ធ នៅសាលាខណ្ឌ៧មករា។
នៅក្នុងកិច្ចប្រជុំនេះដែរលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានមានប្រសាសន៍ថា សូមឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តរឹតបន្តឹង ពង្រឹងនិងត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ , ការបង្ការបង្រ្កាបល្បែងស៊ីសង និងការបង្ការបង្រ្កាបបទល្មើសគ្រឿងញៀន , ជាពិសេស ការបង្ការទប់ស្កាត់ ក្រុមក្មេងទំនើង ដែលអុកឡុក ដេញកាប់គ្នាពេញដងផ្លូវនេះឯង។
លោកអភិបាល បានបន្តទៀតថា សូមឲ្យជំនាញបន្តកំណត់មុខសញ្ញាពួកក្រុមក្មេងទំនើងទាំងនេះ ឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួន ធ្វើអប់រំ ឬចាត់ការតាមនីតិវិធីតែម្ដង ដើម្បីធានាសុខសុវត្ថិភាពជូនដល់សាធារណះជន។
គួរបញ្ជាក់ដែរ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឬសគល់ សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួន គឺមិនមានក្មេងទំនើង៕អត្ថបទ៖ កុម្ភៈ





